ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ដែលមានឈ្មោះថា Future Wei Technologies ដែលមានជំនាញផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ នឹងធ្វើការកាត់បន្ថយបុគ្គលិកជាង ៦០០នាក់ ដោយលើកហេតុផលថា ត្រូវការកាត់បន្ថយប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ព្រោះមានគំនាបសង្កត់ពី រដ្ឋាភិបាលអាមេរិក។
រដ្ឋាភិបាលអាមេរិក ដាក់ Huawei ចូលទៅក្នុងបញ្ជីខ្មៅ បានធ្វើឲ្យ ការបញ្ជូនបច្ចេកវិទ្យាពី ក្រុមហ៊ុន Future Wei ទៅកាន់ក្រុមហ៊ុនមេ Huawei ក្លាយជាមិនស្របច្បាប់ទៅវិញ ហើយបញ្ជីខ្មៅនេះ ក៏បានហាមឃាត់ Huawei ពីការទិញទំនិញពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកថែមទៀតផង។
នៅក្នុងសេចក្តីប្រកាសរបស់ ក្រុមហ៊ុន Huawei បានឲ្យដឹងថា ការសម្រេចចិត្តនេះ គឺពិតជាពិបាកខ្លាំងណាស់ ក៏ប៉ុន្តែ ក្រុមហ៊ុន Future Wei នៅតែដំណើរការ ដោយអនុលោមយ៉ាងតឹងរ៉ឹងបំផុតជាមួយនឹងច្បាប់ និងបទបញ្ជារបស់ សហរដ្ឋអាមេរិក។
បើយោងតាមរបាយការណ៍ពី ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាអាមេរិក បានបញ្ជាក់ថា ក្រុមហ៊ុន Future Wei បានស្នើសុំប៉ាតង់ជាង ២ពាន់ប៉ាតង់ នៅក្នុងផ្នែកជាច្រើនដូចជា ទូរគមនាគមន៍ បណ្តាញអ៊ីនធើណែត 5G បច្ចេកវិទ្យាវីដេអូ និងកាមេរ៉ាជាដើម។
មុនការកាត់បន្ថយបុគ្គលិកនេះ នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុន Huawei បានជួលបុគ្គលិកជាង ១.៥០០នាក់ ដែលធ្វើការក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ផ្នែកបម្រើអតិថិជន និងការងារសាធារណៈជាដើម ហើយការចំណាយទៅលើ ក្រុមហ៊ុន Future Wei គឺប្រមាណជាង ៥០០លានដុល្លារអាមេរិក កាលពីឆ្នាំមុន។
សូមបញ្ជាក់ថា នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានដាក់ក្រុមហ៊ុន Huawei ទៅក្នុង បញ្ជីត្រួតពិនិត្យ កាលពីខែឧសភា កន្លងទៅនេះ ដែលហាមឃាត់ ក្រុមហ៊ុនអាមេរិក មិនឲ្យនាំចេញ និងលក់ផលិតផលអេឡិចត្រូនិក ទៅឲ្យក្រុមហ៊ុនចិនឡើយ ក៏ប៉ុន្តែក្រោយការជួបពិភាក្សាគ្នាជាថ្មី រវាងមេដឹកនាំនៃប្រទេសអាមេរិក និងចិន នៅចុងខែមិថុនានេះ គឺលោក ដូណាល់ ត្រាំ យល់ព្រមតាមសំណើរបស់លោក ស៊ី ជីនពីង អនុញ្ញាតឲ្យ ក្រុមហ៊ុន Huawei ទិញផលិតផលរបស់អាមេរិក ដែលមិនប៉ះពាល់សន្តិសុខជាតិ តែបើគិតមកទល់ពេលនេះ អាមេរិក ពុំទាន់បើកផ្លូវឲ្យ Huawei វិញនៅឡើយនោះទេ៕