នាពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ“ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះសកម្មភាពរបស់ក្រុមក្មេងទំនើង ដែលបង្កភាពចលាចល និងប្រើអំពើហិង្សា កាប់ ចាក់ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ បង្ក្រាបក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ ដែលបានបង្កការកាប់ចាក់យ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ បង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ឱ្យបានម៉ឺងម៉ាត់តាមរយៈវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសណ្ដាប់ធ្នាប់សារធារណៈ និងសន្តិសុខសង្គម។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា សកម្មភាពអនាធិបតេយ្យបង្កឡើងដោយក្រុមក្មេងទំនើងបានបង្កក្ដីបារម្ភជាខ្លាំងដល់សហគមន៍ វិស័យទេសចរណ៍ និងអ្នកវិនិយោគ ទោះបីកន្លងមកអាជ្ញាធរបានចាត់វិធានការ និងបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ក៏ក្មេងទំនើងនៅតែបង្កសកម្មភាពពុំមានការថមថយនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យក្រុមក្មេងទំនើងធ្វើសកម្មភាពអុកឡុកសង្គម គឺអាជ្ញាធរត្រូវបង្កើនសកម្មភាពទ្វេដង និងត្រូវពិនិត្យលើយន្តការនានាឡើងវិញ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាព។ បើតាមអ្នកជំនាញរូបនេះ វិធានការដែលបានដាក់ចេញត្រូវមានការចូលរួមពីអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាស្វែងរកមូលហេតុដែលបណ្ដាលឱ្យយុវជនក្លាយជាក្មេងទំនើង ទើបអាចចាត់វិធានការមានប្រសិទ្ធភាព។
ពាក់ព័ន្ធឹនឹងការចាត់វិធានការលើក្មេងទំនើងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងរៀបចំអនុវត្តសាកល្បង លើសាលាថ្នាក់បឋមសិក្សាជាង៤០ ដើម្បីរុញម៉ោងសិក្សាបន្ថែម ដើម្បីកុំឲ្យសិស្សទំនេរយកពេលទៅធ្វើសកម្មភាពអ្វីផ្សេង។ វិធានការនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា អាចផ្ដល់ផលចំណេញតាមរយៈការជួយបំប៉នការរៀនសូត្របន្ថែម និងកាត់បន្ថយការលំបាកក្នុងការរៀនគួរបន្ថែមផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ