មានប្រសាសន៍ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីវិបត្តិ និងបញ្ហាប្រឈម សម្រាប់បណ្ដាប្រទេសមួយចំនួន ដែលមានការអនុវត្តគោលនយោបាយខុស និងបណ្ដាលឲ្យប្រទេសខ្លួនធ្លាក់ក្នុងវិបត្តិនៃភ្លើងសង្រ្គាម ជាពិសេសប្រទេសកម្ពុជា តែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ កំហុសនយោបាយពីអតីតកាល បានធ្វើឲ្យកម្ពុជា ជួបនូវវិនាសកម្ម បាត់បង់ធនធានមនុស្ស រាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ថែមទាំងធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភាពក្រីក្រ ទៀតផង។ បើតាមសម្ដេច ហ៊ុន សែន ប្រទេសដែលគ្មានសង្រ្គាម និងអនុវត្តគោលនយោបាយបានត្រឹមត្រូវ បើទោះប្រទេសនោះ គ្មានធនធានធម្មជាតិក៏ដោយ ក៏អាចក្លាយជាប្រទេសអភិវឌ្ឍជឿនលឿន ជាងប្រទេសដែលធ្លាប់មានកំហុសខាងនយោបាយដែរ។
បើតាមសម្ដេច ហ៊ុន សែន ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មុនកើតមានវិបត្តិខាងនយោបាយ ពោលនៅទស្សវត្សឆ្នាំ១៩៦០ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា ក្នុងមួយនាក់ មានចំនួន ២៦៧ដុល្លារ ខណៈអំឡុងពេលដូចគ្នានោះ ប្រាក់ចំណូលរបស់ប្រជាជនកូរ៉េខាងត្បូង មានប្រមាណត្រឹមតែ ៧២ដុល្លារប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់។ ក៏ប៉ុន្តែ ការធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមរបស់ប្រទេសកម្ពុជា នាពេលកន្លងមក ពោលនៅអំឡុងនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ក៏បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាស្រុតចុះយ៉ាងខ្លាំង ហើយសេដ្ឋកិច្ចកម្ពុជា ត្រូវដើរយឺតជាងប្រទេសកូរ៉េខាងត្បូងវិញ។ បើតាមសម្ដេច ហ៊ុន សែន ស្របពេលដែលប្រទេសកូរ៉េខាងត្បូង មានការអភិវឌ្ឍខ្លាំង ប្រាក់ចំណូលរបស់ប្រជាជនកូរ៉េ ក៏មានការកើនឡើងខ្ពស់ ផងដែរ ពោលបច្ចុប្បន្ន ប្រាក់ចំណូលរបស់ប្រជាជនកូរ៉េខាងត្បូង សម្រាប់មនុស្សម្នាក់មានរហូត ប្រមាណ ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ រីឯ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាបច្ចុប្បន្នវិញ មានមិនដល់ ២ពាន់ដុល្លារ នោះទេក្នុងម្នាក់ៗ។
យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា នៅតែប្រកាន់យកគោលនយោបាយថវិកាផ្សាភ្ជាប់នឹងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ទៅមុខទៀត។ លើសពីនេះ សម្ដេចក៏បានអះអាងទៀតថា ប្រទេសកម្ពុជា នឹងទទួលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ នឹងមិនជួបវិនាសកម្ម នោះឡើយ ដរាបណា កម្ពុជាអាចរក្សាបាននូវសន្តិភាព និងអនុវត្តនូវគោលនយោបាយបានត្រឹមត្រូវ៕