លោក អូលីវីយេ ប្លង់ឆាដ (Olivier Blanchard) អ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីល្បាញមួយរូបកាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ បានព្រមានថា សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោក កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បង្កឡើងដោយវិបត្តិសារពើពន្ធ ដែលបានផ្ទុះឡើង បន្ទាប់ពីឱនភាពថវិការបស់មហាអំណាចមួយនេះបានរីកកាន់តែធំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថា លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឆ្លើយតបទៅនឹងឱនភាពថវិការបស់រដ្ឋាភិបាលអាម៉េរិក។
លោកគឺជាអ្នកជំនាញចុងក្រោយបង្អស់ ដែលបានព្រមានចំពោះបំណុលជាតិរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីឱនភាពថវិកាបានកើនឡើងយ៉ាងខ្លាំង ក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ឱនភាពថវិកាដ៏ធំសម្បើមកាលពីឆ្នាំមុនបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការដំឡើងអត្រាការប្រាក់ និងនៅពេលដែលសេដ្ឋកិច្ចកំពុងសម្រេចបានកំណើន។ បំណុលសរុបរបស់រដ្ឋាភិបាលអាម៉េរិក នៅពេលនេះបានកើនឡើងរហូតដល់ទៅជាង១២០%នៃផលិតផលក្នុងស្រុកសរុប(GDP)។
អ្នកជំនាញរូបនេះបានលើកឡើងថា លោកមានសុទិដ្ឋិនិយមច្រើនជាងទាក់ទិននឹងហានិភ័យបំណុលក្នុងប្រទេសផ្សេងៗទៀត រួមមានទាំងអង់គ្លេស ដែលបំណុលរបស់រដ្ឋាភិបាលអង់គ្លេស បានកើនឡើងខ្លាំងលើកចុងក្រោយដល់ប្រមាណ១០០%នៃ GDP អំឡុងទសវត្សរ៍ឆ្នាំ១៩៦០។
លោកបានគូសបញ្ជាក់ថា លោកប្រមើលមិនឃើញវិបត្តិដ៏ធំមួយ ដែលអាចនឹងកើតឡើងឆាប់ៗនេះទេ លើកលែងតែសហរដ្ឋអាម៉េរិក ដែលជាវិបត្តិដ៏ធំអាចនឹងផ្ទុះឡើងក្នុងពេលចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ ហើយប្រសិនបើសហរដ្ឋអាម៉េរិក ត្រដាបត្រដួសទៅហើយនោះ ពិភពលោកទាំងមូលច្បាស់ជាទទួលរងផលប៉ះពាល់ដោយជៀសមិនផុត៕
ដោយ: តែម សុខុម