លោកស្រី Kristalina Georgiveva នាយិកាគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន CNA បានឲ្យដឹងថា លោកស្រីស្វាគមន៍ចំពោះវិធានការសារពើពន្ធវិសាមញ្ញ ដែលត្រូវបានអនុវត្តដោយប្រទេសជាច្រើន ក្នុងការជំរុញប្រព័ន្ធសុខាភិបាល និងការពារក្រុមហ៊ុន និងកម្មករនយោជិត ដែលរងផលប៉ះពាល់ ពីបញ្ហា Covid-19។ ព្រមជាមួយគ្នានេះ IMF ក៏ស្វាគមន៍ផងដែរ ចំពោះការអនុវត្តរបស់ធនាគារកណ្ដាល ដើម្បីបន្ថូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ទោះយ៉ាងណា លោកស្រី Kristalina បញ្ជាក់ថា វានៅតែមាន ការត្រូវការអនុវត្តបន្ថែមទៀត ពិសេសនៅលើផ្នែកសារពើពន្ធនេះតែម្ដង។
នាយិកាគ្រប់គ្រងស្ថាប័នអន្តរជាតិ IMF រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ការចំណាយរបស់មនុស្សនៃការរីករាលដាលនៃមេរោគកូរ៉ូណានេះ គឺមិនអាចវាស់វែងបានទេ ហើយប្រទេសទាំងអស់ ត្រូវការធ្វើការងាររួមគ្នា ដើម្បីការពារប្រជាជន និងកំណត់ការខូចខាតសេដ្ឋកិច្ច»។
មានប្រទេសកាន់តែច្រើនឡើងហើយ បានដាក់វិធានការបិទប្រទេសរបស់ខ្លួន ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាលនៃមេរោគ Covid-19នេះ ដែលបានបច្ចុប្បន្នមានអ្នកឆ្លងមេរោគនេះ ជាង ៣០ម៉ឺននាក់ និងអ្នកស្លាប់បាត់បង់ជីវិតមានជិត១ម៉ឺន ៥ពាន់នាក់។
IMF បានបញ្ជាក់ថា ចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ចសកល គឺបង្ហាញនូវភាពអវិជ្ជមាន ហើយឥឡូវនេះ IMF រំពឹងថា វិបត្តិសេដ្ឋកិច្ច យ៉ាងហោចណាស់ នឹងមានអាក្រក់ដូច អំឡុងពេលមានវិបត្តិហិរញ្ញវត្ថុសកល ឬអាចអាក្រក់ជាងនេះទៅទៀត។
នៅដើមខែមីនានេះ IMF បានព្រមានថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងមានក្រោម ២,៩% ដែលជាកំណើនកាលពីឆ្នាំ២០១៩ទៅទៀត។
ទោះយ៉ាងណា លោកស្រី Kristalina បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានរំពឹងថា គឺនឹងប្រសើរឡើងនៅឆ្នាំ២០២១ ប៉ុន្ដែ ដើម្បីអាចសម្រេចបែបនេះបាន លុះត្រាតែ ប្រទេសនានា ត្រូវផ្ដល់អាទិភាពដល់ការគ្រប់គ្រង និងពង្រឹងប្រព័ន្ធសុខាភិបាល។
បើតាមការអះអាងរបស់លោកស្រី Kristalina ស្ថាប័ន IMF នឹងបង្កើនហិរញ្ញប្បទាន បន្ទាន់ជាបន្តបន្ទាប់ ដោយបានសម្គាល់ឃើញថា មានប្រទេសចំនួន ៨០ហើយ បានដាក់សំណើ ដើម្បីស្វែងរកជំនួយនេះ ហើយលោកស្រីបញ្ជាក់ទៀតថា IMF ក៏បានត្រៀមរួចជាស្រេច ក្នុងការដាក់ពង្រាយសមត្ថភាពផ្ដល់កម្ចីទាំងអស់ដែលមានតម្លៃសរុប ១ទ្រីលានដុល្លារអាមេរិក។
សម្រាប់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ជាទូទៅគឺមានភាពងាយស្រួលក្នុងការប្រឈមនឹងការដោះស្រាយវិបត្តិនេះ ប៉ុន្ដែ សម្រាប់ប្រទេសមានទីផ្សារកំពុងរីកចម្រើន និងមានប្រាក់ចំណូលទាបវិញ គឺប្រឈមនឹងបញ្ហាយ៉ាងខ្លាំង រួមទាំងលំហូរមូលធនទៅខាងក្រៅផងដែរ។
IMF បញ្ជាក់ថា វិនិយោគិន បានដកយកចេញនូវទឹកប្រាក់ទំហំ ៨៣ ពាន់លានដុល្លារអាមេរិក ពីប្រទេសមានទីផ្សារកំពុងរីកចម្រើន តាំងពីវិបត្តិនេះបានចាប់ផ្ដើមឡើងម្ល៉េះ ដែលវាជាលំហូរមូលធនចេញដ៏ធំបំផុតមិនធ្លាប់មានឡើយ។ ទន្ទឹមគ្នានេះ IMF ក៏ព្រួយបារម្ភ ជាពិសេសចំពោះបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប នៅក្នុងវិបត្តិបំណុល ហើយIMF ក៏បាននិងកំពុងធ្វើការយ៉ាងជិតស្និទជាមួយប្រទេសទាំងនោះ ដើម្បីដោះស្រាយកង្វល់ទាំងនេះផងដែរ៕