លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា ការម្រេចលើកលែងពន្ធលើការនាំចូលវត្ថុធាតុដើមសម្រាប់ការផលិតចំណីសត្វនេះ គឺជាកត្តាសំខាន់មួយ ជួយដល់ការកាត់បន្ថយថ្លៃដើមផលិតរបស់អ្នកចិញ្ចឹមសត្វនៅកម្ពុជា បានប្រមាណ៥ ទៅ១០ភាគរយដែរ។ លោកបន្ថែមថា បច្ចុប្បន្នកម្ពុជាយើងមានរោងចក្រផលិតចំណីសត្វដែរ ប៉ុន្ដែរោងចក្រផលិតទាំងនោះភាគច្រើនផលិតសម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកឯកសិករខ្នាតតូចវិញ ភាគច្រើនទិញតែចំណីសត្វដែលនាំចូលពីក្រៅប្រទេសដោយសារតែចំណីសត្វក្នុងស្រុកហាក់មានតម្លៃថ្លៃជាងចំណីសត្វនាំចូល។ ក្រៅតែពី ការបន្ធូរបន្ថយលើថ្លៃដើមចំពោះចំណីសត្វហើយនោះ លោក ស្រ៊ុន ពៅក៏រំពឹងថា រាជរដ្ឋាភិបាលក៏នឹងអាចជួយធ្វើយ៉ាងណាកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់កសិដ្ឋានចិញ្ចឹមសត្វផងដែរ ដ្បិតថា កម្ពុជាសព្វថ្ងៃនេះ គឺពិបាកប្រកួតប្រជែងជាមួយប្រទេសជិតខាងមែនទែនចំពោះរបរចិញ្ចឹមសត្វនេះ ដោយសារតែថ្លៃដើមផលិតមានខ្ពស់ ពិសេស ចំណី និងថ្លៃអគ្គិសនីនេះតែម្ដង។
សូមបញ្ជាក់ដែរថា នៅមួយរយៈចុងក្រោយនេះ ការចិញ្ចឹមសត្វនៅកម្ពុជាពិសេសការចិញ្ចឹមមាន់សាច់ និងត្រីជាដើម ហាក់កំពុងជួបបញ្ហាទីផ្សារខ្លាំង ដោយសារតែការផលិតមានច្រើន និងគួបផ្សំនឹងបញ្ហាកូវីដ-១៩ ធ្វើឲ្យតម្រូវការធ្លាក់ចុះ។
យ៉ាងណាមិញ ក្រសួងកសិកម្មកម្ពុជា ថ្មីៗនេះ ក៏ទើបតែបានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដើម្បីស្នើសុំគោលការណ៍ ដាក់លក្ខខណ្ឌដល់អ្នកនាំចូលត្រី ឲ្យនាំចូលត្រីពីក្រៅប្រទេសត្រឹមតែ ៥០% និងត្រូវប្រមូលទិញត្រីពីទីផ្សារក្នុងស្រុកឲ្យបាន៥០%ដែរ ដើម្បីជួយដោះស្រាយបញ្ហាត្រីចាល់នៅកម្ពុជា៕