នៅក្នុងឆ្នាំ២០២៥ នេះ មហាយក្សចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់នឹងសាងសង់បញ្ចប់ជាស្ថាពរនូវស្ពានយោលដែលខ្ពស់បំផុតទូទាំងពិភពលោក។ ជាការពិតណាស់ ប្រទេសចិន តែងតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងគម្រោងអភិវឌ្ឍន៍ដ៏គួរឱ្យស្ញប់ស្ញែង និងមហិមាបំផុតក្នុងពិភពលោក តួយ៉ាងដូចគម្រោងស្ពានខ្ពស់បំផុតក្នុងលោកនេះជាដើម។
សូមបញ្ជាក់ថា ស្ពានយោលដែលមានឈ្មោះថា “ស្ពានជ្រោះជ្រៅ ហ័រជាំង” Huajiang Canyon Bridge) នេះមានភូមិសាស្ត្រស្ថិតនៅក្នុងខេត្តគួយចូវ (Guizhou) ប្រទេសចិន ក្នុងតំបន់ជ្រលងភ្នំ និងជ្រោះជ្រៅដ៏គួរឱ្យព្រឺព្រួចបំផុត។
សមិទ្ធផលស្ពានដែលមានកម្ពស់រហូតដល់ទៅ៦២៥ម៉ែត្រ និងប្រវែង២,៨៩០ម៉ែត្រ ដែលគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៥ នេះ ឆ្លុះបញ្ចាំងពីភាពជឿនលឿនដ៏អស្ចារ្យនៃបច្ចេកវិទ្យាស្ពានយោលរបស់មហាយក្សចិន។ អាជ្ញាធរមូលដ្ឋានបានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយសាងសង់បញ្ចប់ជាស្ថាពរ ស្ពានយោលដ៏អស្ចារ្យនេះនឹងអាចជំរុញទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តបានច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្ន ការឆ្លងកាត់ជ្រលងភ្នំ និងជ្រោះជ្រៅក្នុងភូមិសាស្ត្រខាងលើនេះត្រូវប្រើពេលរហូតដល់ទៅជាង១ម៉ោង ឬ៧០នាទីឯណោះ ហើយស្ពានយោលថ្មីនេះនឹងជួយកាត់បន្ថយពេលវេលាឆ្លងកាត់ដោយប្រើពេលត្រឹមតែជាង១០នាទីប៉ុណ្ណោះ៕
ដោយ: តែម សុខុម