
លោក ណុប វី ប្រធានក្រុមប្រឹក្សា ខេមបូចា បាននិយាយនៅក្នុងសុន្ទករថាក្នុងពិធីសម្ពោធបើកដំណើរការ ខេមបូចា ជាផ្លូវការ យ៉ាងដូច្នេះថា «ការផ្សាយព័ត៌មានពិតស៊ីជម្រៅ និងរឿងរ៉ាវរសើប គឺជាការចូលរួមចំណែកជំរុញឲ្យមានដំណោះស្រាយបញ្ហាសង្គម។ ដូចគេតែងនិយាយថា សារព័ត៌មានជាអ្នកឃ្លាំមើលការងាររបស់រដ្ឋាភិបាល។ ប្រសិនបើមានចំណុចខ្វះខាតអ្វីមួយ អ្នកសារព័ត៌មានត្រូវតែហ៊ានសរសេរ»។
លោក ណុប វី បាននិយាយថា អ្នកសារព័ត៌មានឯករាជ្យ គួរតែមានសេរីភាពពេញលេញ ក្នុងការប្រមូលព័ត៌មាន សរសេរ និងផ្សព្វផ្សាយ ជាពិសេស គឺការសម្រេចចិត្តរបស់ពួកគេ ទៅលើប្រភេទរឿងដែលត្រូវសរសេរ ដោយគ្មានការគំរាមកំហែង បំភិតបំភ័យ និងការគំនាបលើខ្លួន។

លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិ ខេមបូចា ថ្លែងនៅក្នុងពិធីសម្ពោធដដែលនេះ ថា ខេមបូចា ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់អ្នកសារព័ត៌មានក្នុងការបំពេញតួនាទី វិជ្ជាជីវៈរបស់ខ្លួន ដោយសេរី និងប្រកបដោយគុណភាព។
លោក ម៉ៃ ទិត្យថារ៉ា បាននិយាយយ៉ាងដូច្នេះ ថា «អ្នកសារព័ត៌មាននៅតែទទួលរងការគំរាមកំហែង ការប្ដឹងផ្ដល់ និងភាពប្រឈមនានា ដូច្នេះ ពួកគាត់ត្រូវការស្ថាប័នមួយដែលមានឆន្ទៈ និងផ្ដល់ការគាំទ្រពេញទំហឹង ក្នុងការជួយដល់ពួកគាត់»។
គួរបញ្ជាក់ថា កម្មវិធីសម្ពោធផ្លូវការសម្ព័ន្ធ ខេមបូចា នៅថ្ងៃទី១៣ ខែធ្នូ មានអ្នកសារព័ត៌មាន មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល តំណាងទូតបរទេសចូលរួម ប្រមាណ ២០០នាក់។

ឯកអគ្គរាជទូតស៊ុយអែត លោក ប្យ៊ន ហេកម៉ាក (Björn Häggmark) បានថ្លែងនៅក្នុងកម្មវិធីសម្ពោធផ្លូវការ ខេមបូចា ថា បើមើលទៅលើស្ថានភាពជុំវិញពិភពលោក បច្ចុប្បន្ន វាជាការគួរឲ្យរំខានចិត្ត ដែលយើងឃើញថា សិទ្ធិជាមូលដ្ឋាន និងសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន កំពុងស្ថិតក្រោមការគំរាមកំហែងកាន់តែកើនឡើង នៅជុំវិញពិភពលោក។
លោកឯកអគ្គរាជទូតស៊ុយអែត បន្ថែមថា នៅកន្លែងជាច្រើន លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋត្រូវបានគេធ្វើឲ្យអន្តរាយ សិទ្ធិមនុស្សត្រូវគេរំលោភ និងចរិតជាសាកលនៃសិទ្ធិមនុស្សត្រូវបានគេបដិសេធ។ ការបំភិតបំភ័យ និងការបៀតបៀនពីសំណាក់អាជ្ញាធរនិងជនដទៃទៀត តម្រង់គោលដៅទៅលើអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា នៅកម្ពុជា បើពិនិត្យមើលទៅលើស្ថានភាពចុងក្រោយបំផុតទាក់ទិននឹងសេរីភាពសារព័ត៌មាន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២រូប កំពុងស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែ សំណុំរឿងតុលាការរបស់ពួកគេកំពុងបន្តដដែល ក្រោមបទចោទប្រកាន់ចារកម្ម ខណៈដែលពួកគេបដិសេធការចោទទាំងនេះ។
នៅកម្ពុជាផងដែរ បើតាមមន្ត្រីក្រសួងព័ត៌មាន គិតមកដល់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ កម្ពុជាមានសមាគមអ្នកសារព័ត៌មានចំនួន ៤៤ (មិនទាន់បូកបញ្ចូល ខេមបូចា), ទូរទស្សន៍៍អាណាឡុក និងឌីជីថលចំនួន២៧ស្ថានីយ, ទូរទស្សន៍ខ្សែកាប ២១ប៉ុស្តិ៍, វិទ្យុ អែហ្វអឹម និងអាអឹម ចំនួន២១២ស្ថានីយ, កាសែតបោះពុម្ពផ្សាយចំនួន៤៥០, ទស្សនាវដ្តីចំនួន១៩៦, ព្រឹត្តបត្រព័ត៌មានចំនួន២១, គេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន ៥០៤ អង្គភាព៕
