បញ្ហានេះដែរ ក៏កំពុងបង្កជាក្ដីបារម្ភយ៉ាងខ្លាំង ថា ករណីរីករាលដាលឆ្លងយ៉ាងសម្បើមនៅឥណ្ឌានេះ អាចនឹងឆ្លងសាយភាយទៅដល់ប្រទេសផ្សេងទៀត និងឈានធ្វើឲ្យពិភពលោកប្រឈមនូវរលកឆ្លងខ្លាំងជាថ្មីម្ដងទៀត ដ្បិតថា បច្ចុប្បន្ន មេរោគបំប្លែងខ្លួនថ្មីចេញពីប្រទេសឥណ្ឌា កំពុងត្រូវបានរកឃើញនៅបណ្ដាប្រទេសផ្សេងៗទៀត ជាបណ្ដើរៗហើយដែរ។
របាយការណ៍ប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា នៅ១សប្តាហ៍មុន ករណីឆ្លងកូវីដ-១៩ សរុបនៅលើសកលលោកមានប្រមាណ ៥លាន៧សែនករណីបន្ថែមទៀត ខណៈអ្នកស្លាប់កើនថែមជិត១០ម៉ឺននាក់ទៀតផងដែរ។ ក្នុងចំណោមករណីឆ្លងសរុបទាំង៥លាន៧សែនករណីនោះ មាន២លាន៦សែនករណី មានការឆ្លងនៅក្នុងប្រទេសឥណ្ឌា ដែលចំនួននេះស្មើនឹងប្រមាណ ៤៦%។
តួលេខដែលចេញផ្សាយដោយ WHO គឺយោងទៅលើតួលេខដែលបានពីអាជ្ញាធរឥណ្ឌា ប៉ុន្តែអ្នកជំនាញបានគូសបញ្ជាក់ថា តួលេខពិតប្រាកដអាចនឹងមានច្រើនជាងនេះរាប់សិបដងទៀត ដោយហេតុថា ឥណ្ឌាជាប្រទេសដែលមានចំនួនប្រជាជនច្រើនលំដាប់ទី២នៅលើលោក ជាង ១ពាន់ ៣០០លាននាក់ ដូច្នេះ ការកត់ត្រាចំនួនអ្នកឆ្លង ឬ អ្នកស្លាប់អាចនឹងមានភាពខ្វះចន្លោះ។
មិនត្រឹមតែនៅឥណ្ឌាទេ ពេលនេះអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងថែមទៀត ក្រោយមើលឃើញពីករណីវិជ្ជមានកូវីដ-១៩ កំពុងហក់ឡើងនៅក្នុងប្រទេសក្បែរខាងឥណ្ឌា ដូចជាប្រទេស នេប៉ាល់ និង ស្រីលង្ការជាដើម។
អ្នកជំនាញកំពុងដាក់ការសង្ស័យថា មេរោគប្រភេទថ្មីនៅឥណ្ឌាបាននិងកំពុងរីករាលដាលឆ្លងចូលទៅប្រទេសនេប៉ាល់ និង ស្រីលង្ការហើយ ដោយសារតែនៅសប្តាហ៍មុននេះ ចំនួនអ្នកឆ្លងនៅប្រទេស
នេប៉ាល់បានកើនឡើង ១៣៧% ជាក់ស្តែង ប្រទេសក្បែរខាងឥណ្ឌាមួយនេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។
បច្ចុប្បន្ន ប្រទេសនេប៉ាល់មានអ្នកឆ្លងកូវីដ-១៩សរុបជាង ៣០ម៉ឺននាក់ហើយ និង ស្លាប់បាត់បង់ជីវិតជាង ៣.៥០០នាក់ ខណៈដែលប្រទេសស្រីលង្ការឯណោះវិញ ក៏កំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩មិនចាញ់ប្រទេសនេប៉ាល់ប៉ុន្មានដែរ។
សូមបញ្ជាក់ថា ឥណ្ឌាជាប្រទេសទី២ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបជាង ២០លាននាក់ ស្របពេលដែលក្នុងមួយថ្ងៃៗ ឥណ្ឌាមានអ្នកឆ្លងថ្មីចន្លោះពី៣៥ម៉ឺននាក់ ទៅ ៤០ម៉ឺននាក់៕