ទោះយ៉ាងណា សម្រាប់ឥណ្ឌា នេះមិនមែនជារឿងល្អនោះទេ ដោយអង្គការសហប្រជាជាតិបានព្រមានថា អត្រាមានកូនខ្ពស់របស់ពលរដ្ឋអាចឈានទៅប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ជាតិទាំងមូលរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលត្រូវនឹងថ្ងៃទិវាប្រជាជនពិភពលោកផងនោះបញ្ជាក់ថា មនុស្សលើផែនដីសរុបនឹងកើនដល់ ៨ពាន់លាននាក់គិតត្រឹមថ្ងៃទី១៥ខែវិច្ឆិកាខាងមុខ ហើយនឹងបន្តកើនឡើងដល់ ៨,៥ពាន់លាននាក់ត្រឹមឆ្នាំ២០៣០ និងដល់ ១០,៤ពាន់លាននាក់នៅឆ្នាំ២១០០។ របាយការណ៍កត់សម្គាល់ពីកំណើនដ៏លឿនរហ័សរបស់មនុស្សលើផែនដីបែបនេះ ក៏ដោយសារតែល្បឿននៃការស្លាប់មានភាពយឺតយ៉ាវ និងការបង្កកំណើតមានកាន់តែច្រើន។
ជាក់ស្តែង ប្រជាជនឥណ្ឌាមានចំនួនជាង១,២១ពាន់លាននាក់ប៉ុណ្ណោះកាលពីឆ្នាំ២០១១ ខណៈបច្ចុប្បន្នមានជិត១ពាន់៤រយលាននាក់។ នេះបើយោងតាមជំរឿនក្នុងប្រទេសឥណ្ឌាដែលត្រូវបានធ្វើឡើងរៀងរាល់១០ឆ្នាំម្តង។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងញូដេលី បានពន្យារពេលជំរឿនសម្រាប់ឆ្នាំ២០២១ ដោយសាររោគរាតត្បាតកូវីដ១៩។
ទោះបីជាអត្រានេះមើលទៅហាក់មានចំនួនច្រើនក្តី ប៉ុន្តែបើគេធៀបទៅអត្រាមុនឆ្នាំ១៩៥០ ចំនួនប្រជាជនក្នុងពិភពលោក គឺស្ថិតក្នុងកំណើនមួយដ៏យឺតបំផុត។ នេះបើតាមរបាយការណ៍របស់ UN ដដែល។
កាលពីនៅឆ្នាំ២០២១ ការមានកូនជាមធ្យមនៃប្រជាជនពិភពលោកគឺ ២.៣នាក់សម្រាប់ស្ត្រីម្នាក់នៅពេញមួយជីវិតរបស់នាង។ ចំនួននេះបានធ្លាក់ចុះជាងពាក់កណ្តាលទៅហើយ ពីអត្រាផ្តល់កំណើតដល់កូនជាមធ្យម ៥នាក់កាលពីមុនឆ្នាំ១៩៥០។ ទន្ទឹមនឹងនេះ ការមានកូនជាសកលត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀតត្រឹម ២.១នាក់ សម្រាប់ស្ត្រីម្នាក់នៅត្រឹមឆ្នាំ ២០៥០។
ទន្ទឹមនឹងអត្រាមានកូនជាមធ្យមធ្លាក់ចុះ អត្រាសង្ឃឹមរស់របស់មនុស្សក៏បានធ្លាក់ចុះបន្តិចផងដែរ ដែលភាគច្រើនបានជំរុញដោយការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ ជាក់ស្តែង អត្រាសង្ឃឹមរស់របស់មនុស្សនៅឆ្នាំ២០១៩ ពោលគឺនៅមុនមានរោគរាតត្បាតសកលកើតឡើង ស្ថិតក្នុងចំនួនជិត ៧៣ឆ្នាំ ខណៈមកដល់ឆ្នាំ២០២១ អត្រាសង្ឃឹមរស់បានធ្លាក់មកនៅ ៧១ឆ្នាំ។
គួរជម្រាបថា ក្រៅតែពីចំនួនពលរដ្ឋឥណ្ឌា ដែលគេព្យាការណ៍ថានឹងកើនឡើង ក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងលោក របាយការណ៍របស់UN ដដែលក៏បានបង្ហាញពីប្រទេសចំនួន៧ផ្សេងទៀត ដែលសុទ្ធតែស្ថិតក្នុងការតាមដានពីកំណើនប្រជាជនច្រើន ត្រឹមឆ្នាំ២០៥០។ ក្នុងនោះរួមមានប្រទេស កុងហ្គោ អេហ្ស៊ីប អេត្យូពី នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងសាធារណរដ្ឋតង់ហ្សានី។ យ៉ាងណាក៏ដោយ គេមិនបានឃើញឈ្មោះប្រទេសចិន ស្ថិតនៅក្នុងបញ្ជីនោះទេ ក្នុងន័យនេះ ចំនួនប្រជាជនចិនទំនងជានៅថេរ ឬមានកំណើនតិចតួចបំផុត៕