ការបើកនាំចេញធ្យូងថ្មីឡើងវិញនេះ គឺក្រោយមានការអំពាវនាវពីប្រទេសជាច្រើន ដែលសុទ្ធសឹងជាអ្នកពឹងផ្អែកលើធ្យូងថ្មរបស់ឥណ្ឌូនេស៊ី ដើម្បីទទួលបានថាមពលប្រើប្រាស់ដូចជា ជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូងជាដើម។ នៅថ្ងៃបើកនាំចេញធ្យូងថ្មដំបូងនេះ យ៉ាងហោចណាស់ មាននាវា ៣៧គ្រឿងដែលដាក់ពេញទៅដោយធ្យូងថ្ម ត្រូវបានអនុញ្ញាតឲ្យដឹកនាំចេញពីដែនទឹកឥណ្ឌូនេស៊ី ទៅកាន់ប្រទេសបញញជាទិញ។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ការហាមប្រាមការនាំចេញដែលបានអនុវត្តពីថ្ងៃទី០១មករាត្រូវបានដកចេញវិញ សម្រាប់ក្រុមហ៊ុនរុករកធ្យូងថ្មណា ដែលបានផលិតធ្យូងថ្មគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ហើយបានធានានូវប្រតិបត្តិការថាមពលក្នុងរយៈពេល១៥ថ្ងៃខាងមុខ។
ឥណ្ឌូនេស៊ីដែលគេតែងស្គាល់ថា ជាប្រទេសនាំចេញធ្យូងថ្មដ៏ធំមួយ កាលពីសប្តាហ៍មុនបានប្រកាសផ្អាកការនាំចូលបណ្តោះអាសន្នសម្រាប់ពេញមួយខែមករាឆ្នាំ២០២២ ដោយអះអាងថា ខ្លួនចង់ធានាឲ្យបានពីតម្រូវការប្រើប្រាស់គ្រប់គ្រាន់នៅក្នុងស្រុក។ ប្រការនេះបានធ្វើឲ្យ ទីផ្សារថាមពលសកលមានក្តីបារម្ភជាខ្លាំង ពិសេសប្រទេសធំៗដែលពឹងផ្អែកលើការនាំចូលធ្យូងថ្មពីឥណ្ឌូនេស៊ី ដូចជាជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិនជាដើម។យ៉ាងណាមិញ រដ្ឋាភិបាលក្រុងហ្សាកាតា បានស្តីបន្ទោសរឿងនេះលើ ក្រុមហ៊ុនសហព័ន្ធថាមពលឥណ្ឌូនេស៊ីជាក្រុមហ៊ុនរបស់រដ្ឋ ដែលបានបរាជ័យក្នុងការរុករកធ្យូងថ្មឲ្យគ្រប់តាមគោលដៅកំណត់ ជាហេតុបានគំរាមកំហែងដល់ការកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសជាញឹកញាប់។ ការដែលមិនអាចសម្រេចទិន្នផលធ្យូងថ្ម តាមចំនួនកំណត់បានបែបនេះ ត្រូវបានក្រុមហ៊ុនអះអាងថា ដោយសារតែបញ្ហាអាកាសធាតុ និងកង្វះខាតគ្រឿងចក្រធំៗសម្រាប់រុករក។
គួរបញ្ជាក់ថា ការសម្រេចឲ្យមានការនាំចេញធ្យូងថ្មដូចធម្មតាឡើងវិញនេះ ធ្វើឡើងនៅបន្ទាប់ពី ប្រទេសជាច្រើនរួមទាំងប្រទេសជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូង បានចេញមកទទូចឲ្យប្រទេសឥណ្ឌូនេស៊ី លុបចោលការហាមឃាត់ ដោយសារតែបារម្ភពីផលប៉ះពាល់ដល់តម្រូវការប្រើប្រាស់ថាមពលនៅតាមប្រទេសរៀងៗខ្លួន។
សូមជម្រាបថា ក្រោយពេលប្រកាសបើកការនាំចេញធ្យូងថ្មឡើងវិញភ្លាមមិនបានមួយថ្ងៃផង មាននាវាធំៗមិនតិចជាង១២០គ្រឿងឡើយដែលកំពុងរង់ចាំបន្តកន្ទុយគ្នា ត្រៀមដឹកជញ្ជូនធ្យូងថ្មចេញពីកំពង់ផែធ្យូងថ្ម នៃកោះ កាលីម៉ាន់តាន់ របស់ប្រទេសឥណ្ឌូនេស៊ី៕