ជំនួបរវាងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo និង លោក Elon Musk បានពិភាក្សាការងារលើ ការវិនិយោគក្នុងឧស្សាហកម្មលោហៈនីកែលរបស់ឥណ្ឌូនេស៊ី និងការផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនី។ នេះបើតាមកការអះអាងដោយមន្ត្រីឥណ្ឌូនេស៊ីប្រាប់សាព័ត៌មានរ៉យទ័រ។
ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនយក្សអាមេរិកដ៏ធំលើឥណ្ឌូនេស៊ី ក៏ដោយសារតែប្រទេសមួយនេះមានលោហៈនីកែលច្រើនជាងគេលើពិភពលោក ខណៈដែលប្រភេទលោហៈនីកែលនេះ គឺជាវត្ថុធាតុដើមសំខាន់ណាស់ ក្នុងការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី។
ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានព្យាយាម ឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Tesla លើការវិនិយោគក្នុងវិស័យនានា មិនថាតែឧស្សាហកម្មនីកែលមួយនោះទេ។ នៅក្នុង ពេលដែល លោក Joko Widodo ធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ អាស៊ាន-អាមេរិក លោកបានស្កាត់ជួបពិភាក្សាជាមួយលោក Elon Musk ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយលោកបានអញ្ជើញមហាសេដ្ឋីរូបនេះទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីវិញផងដែរ ក្នុងខែវិច្ឆិកាខាងមុខ។
លោក Joko Widodo មានបំណងចង់អភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាខ្លាំង។ លើសពីនេះប្រមុខដឹកនាំឥណ្ឌូនេស៊ីបានជំរុញឲ្យលោក Elon Musk ពិចារណាជ្រើសរើសទីតាំងបាញ់គ្រាប់រ៉ុក្កែតអវកាស នៃក្រុមហ៊ុន Space X ក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។
គួរជម្រាបថា មិនមែនតែក្រុមហ៊ុន Tesla របស់អាមេរិកនោះទេ ដែលចាប់អារម្មណ័វិនិយោគនៅឥណ្ឌូនេស៊ី ក្រុមហ៊ុន LG Energy Solution របស់ប្រទេសកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តអគ្គិសនីលំដាប់លេខ២ ពិភពលោក បានប្រកាសកាលពីខែមុនដែរថា ខ្លួនមានផែនការវិនិយោគ ទឹកប្រាក់៩ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលនឹងរួមបញ្ចូលក្នុងការចម្រាញ់លោហៈធាតុនីកែល រហូតដល់ការផលិតចេញជាកោសិកាថ្មអាគុយរថយន្ត៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន