
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។ យោងតាមតួលេខផ្លូវការដែលបានបង្ហាញដល់សភាកាលពីដើមខែមីនា នេះ ក្រុមហ៊ុនសំណង់រដ្ឋធំៗចំនួន៧របស់ឥណ្ឌូនេស៊ី មានបំណុលសរុបបញ្ចូលគ្នារហូតដល់ទៅ១៥,៧ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះ គឺខ្ពស់ជាង៦ដងបើធៀបនឹង១០ឆ្នាំមុន នៅពេលដែលក្រុមហ៊ុនទាំងនោះចំណាយច្រើនពេកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលជំរុញដោយអតីតប្រធានាធិបតី ចូកូវី វីដូដូ (Jokowi Widodo)។
ក្រុមហ៊ុនសាងសង់ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុទាំងនេះ រួមមានទាំងក្រុមហ៊ុនវីចាយ៉ា ការីយ៉ា (Wijaya Karya) ដែលភាគហ៊ុនរបស់ខ្លួនត្រូវបានផ្អាកពីការជួញដូរនៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី ចាប់តាំងពីខែកុម្ភៈ ផងដែរ បន្ទាប់ពីក្រុមហ៊ុននេះបានខកខានការទូទាត់ប្រាក់ដើមលើសញ្ញាបណ្ណ ឬមូលបត្របំណុលចំនួនពីររបស់ខ្លួន។
អំឡុងសវនាការនៅក្នុងរដ្ឋសភា ក្រុមហ៊ុនទាំងនោះបានលើកឡើងពីបញ្ហាហិរញ្ញវត្ថុរបស់ពួកគេរួមទាំងបំណុលដែលពួកគេបានជំពាក់ ដើម្បីយកទៅអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការពន្យារពេលរបស់រដ្ឋាភិបាលក្នុងការទូទាត់សងពួកគេផងដែរ។
សូមបញ្ជាក់ថា អំឡុងពេលមួយទសវត្សរ៍នៃការកាន់អំណាចរបស់ប្រធានាធិបតី ចូកូវី វីដូដូ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានប្រគល់ឱ្យក្រុមហ៊ុនសាងសង់រដ្ឋធំៗក្រោមលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនទាំងនោះចេញថ្លៃចំណាយក្នុងគម្រោងសិន ហើយរដ្ឋាភិបាលនឹងទូទាត់សងពួកគេតាមក្រោយ។
ការទូទាត់របស់រដ្ឋាភិបាលដល់ក្រុមហ៊ុនសាងសង់រដ្ឋធំៗទាំងនេះ អាចនឹងត្រូវពន្យារពេលបន្ថែមទៀត ខណៈដែលប្រធានាធិបតីថ្មី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) គ្រោងកាត់បន្ថយថវិការបស់ក្រសួងសាធារណការ ពីប្រមាណ៦,៧ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹមប្រមាណ៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំនេះ។
ចំណាត់ការនេះ គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ប្រធានាធិបតីថ្មី ដើម្បីបង្វែរធនធានហិរញ្ញវត្ថុសម្រាប់កម្មវិធីជាអាទិភាពនានា រួមទាំងកម្មវិធីផ្ដល់អាហារឥតគិតថ្លៃសម្រាប់សិស្សសាលា និងការបង្កើតមូលនិធិវិនិយោគថ្មីមួយដែលមានឈ្មោះថា ដាណាន់តារា (Danantara) ផងដែរ៕
ដោយ: តែម សុខុម