ការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ឬ Robo-Advising អាចជាជម្រើសល្អម្យ៉ាង ព្រោះចំណាយតិច និងមិនសូវហត់ច្រើនសម្រាប់អ្នកវិនិយោគ ដែលគ្មានជំនាញច្បាស់លាស់ ប៉ុន្តែទន្ទឹមនេះកង្វះធាតុចូលពីអ្នកជំនាញជាមនុស្សក៏បង្កជាគុណវិបត្តិដែរ។ឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជនរហូតដល់ទៅ៥ទ្រីលានដុល្លារអាម៉េរិក នៅទូទាំងពិភពលោកត្រឹមឆ្នាំ២០២៧ ព្រោះបច្ចេកវិទ្យានេះសម្រេចបានកំណើនខ្លាំងចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ជាឆ្នាំដែលគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាការចាប់កំណើត នៃសេវាកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុស្វ័យប្រវត្តិ ឬដោយមនុស្សយន្ត។
គេជឿថា កម្មវិធីសូហ្វវែ ដែលមានជំនាញវិជ្ជាជីវៈ ឬ Professional Software ពិតជាមានតាំងពីមុនឆ្នាំ២០០៨ ទៅទៀត ប៉ុន្តែទើបតែនៅចុងទសវត្សរ៍ឆ្នាំ២០០០ ប៉ុណ្ណោះ ដែលគេឃើញការបង្កើតគេហទំព័រផ្ដល់ប្រឹក្សាដោយមនុស្សយន្ត ដែលសាធារណជនអាចចូលទៅប្រើប្រាស់បានលើកដំបូងរបស់ពិភពលោក ដែលត្រូវបានគេស្គាល់ថា ប៊ែតធើម៉ិន (Betterment)។
យោងតាមគេហទំព័រ អ៊ីនវេស្តូភីឌា (Investopedia) ឱ្យដឹងថា ឧស្សាហកម្មផ្តល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្តបានគ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជន ដែលមានតម្លៃរហូតដល់៣ទ្រីលានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៣។ ហើយនៅត្រឹមឆ្នាំ២០២៧ ទំហំទ្រព្យសកម្មដែលឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្តគ្រប់គ្រងត្រូវបានព្យាករថានឹងកើនឡើងដល់៥ទ្រីលានដុល្លារនៅទូទាំងពិភពលោកដែលច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាល្លឺម៉ង់ ដែលជាមហាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកទៅទៀត។
ប៉ុន្តែទន្ទឹមនេះមានការចោទឡើងជាសំណួរថា តើអ្នកគួរជឿជាក់លើការផ្ដល់ប្រឹក្សាដោយមនុស្សយន្តដែរឬទេ?
ចម្លើយគឺថា កត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀត ដែលនឹងកំណត់កំណើននៃឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយនុស្សយន្ត គឺស្ថិតលើទំនុកចិត្តរបស់អ្នកប្រើប្រាស់។ នៅពេលនេះការសិក្សាជាច្រើនព្យាយាមវាស់ស្ទង់ថា តើអ្នកវិនិយោគមានជំនឿច្រើនកម្រិតណាទៅលើការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ប៉ុន្តែកម្រិតនៃការជឿទុកចិត្តនឹងកើនឡើង នៅពេលមនុស្សជំនាន់ក្រោយ ដែលមានការយល់ដឹងច្រើនផ្នែកបច្ចេកវិទ្យាកាន់តែច្រើនចាប់ផ្តើមវិនិយោគ។
លោកស្រី ម៉ារី ព្រីយេ (Marie Brière) ប្រធានផ្នែកសិក្សាស្រាវជ្រាវអំពីអ្នកវិនិយោគនៅវិទ្យាស្ថានវិនិយោគអាមូងឌី (Amundi Investment Institute) មានមូលដ្ឋាននៅក្នុងប្រទេសបារាំង បានលើកឡើងថា ការពន្យល់លម្អិតអំពីការងារសម្រេចចិត្តរបស់អ្នកប្រឹក្សាយោបល់ជាមនុស្សយន្ត ឬ Robo-advisor គឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លោកស្រីបានគូសបញ្ជាក់ថា លើសពីនេះការប្រើប្រាស់អ្នកប្រឹក្សាយោបល់ជាមនុស្សយន្តពិតជាមានហានិភ័យតិចជាងការប្រឹក្សាជាមួយអ្នកផ្ដល់ប្រឹក្សាជាមនុស្ស៕
ដោយ: តែម សុខុម