ក្នុងពិធីសម្ពោធក្រុមហ៊ុនធានារ៉ាប់រង LY HOUR INSURANCE PLC. នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ លោក ងី តាយី បានបញ្ជាក់ថា នៅកម្ពុជា បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១១ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន៧ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៨ ក្រុមហ៊ុនទីផ្សារធានារ៉ាប់រងចំនួន១២ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន១៦ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ និង ក្រុមហ៊ុនវាយតម្លៃហានិភ័យចំនួន២។
វិស័យធានារ៉ាប់រងបានបោះទុនជាទឹកប្រាក់សរុបចំនួន១១២លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ្នែកធានារ៉ាប់រងទូទៅមានចំនួន ៥៤.៤ លានដុល្លារសហរដ្ឋអាមេរិក ធានារ៉ាប់រងអាយុជីវិត ៤៩.៧លានដុល្លារសហរដ្ឋអាមេរិក ធានារ៉ាប់រងខ្នាតតូចចំនួន ៧.៣ លានដុល្លារសហរដ្ឋអាមរិក។ នេះបើតាមការបញ្ជាក់របស់ លោក ងី តាយី។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «វិស័យធានារ៉ាប់រង ជាសសរស្តម្ភមួយបន្ទាប់ពីវិស័យធនាគារ និង ទីផ្សារមូលបត្រ។ វិស័យទាំងបីនេះ ជាដៃគូបំពេញគ្នាទៅវិញទៅមក ដើម្បីជំរុញវិស័យហិរញ្ញវត្ថុឲ្យមានការរីកចម្រើន»។
បើតាមរដ្ឋលេខាធិការខាងលើ អត្រានៃអ្នកប្រើប្រាស់សេវាធានារ៉ាប់រង បានកើនឡើងពី ០.២១ ភាគរយក្នុងឆ្នាំ២០១០ ដល់ ០.៦២ ភាគរយ នៅឆ្នាំ២០១៦ ខណៈដង់ស៊ីតេអ្នកប្រើប្រាស់សេវាធានារ៉ាប់រងកើនឡើងពី ១.៧៣ ដុល្លារក្នុងប្រជាជនម្នាក់នៅឆ្នាំ២០១០ ដល់ ៧.៥៨ដុល្លារ ក្នុងប្រជាជនម្នាក់សម្រាប់ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ លោក ងី តាយី មើលឃើញថា បើទោះបីវិស័យធានារ៉ាប់រងមានការកើនឡើង តែវិស័យមួយនេះ នៅមានអភិវឌ្ឍន៍មានកម្រិត ដែលទាមទារឲ្យប្រតិបត្តិករវិស័យនេះ យកចិត្តទុកបន្ថែមទៀត ដើម្បីរុញវិស័យមួយនេះ ឲ្យមានការរីកចម្រើនខ្លាំងក្លានៅថ្ងៃអនាគត៕