ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជាបានបញ្ជាក់អះអាងថា សុខភាពអាជីវកម្មធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត ក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២០ នៅតែរក្សាបានកំណើនល្អដដែល។
ជាក់ស្តែង បើតាមរបាយការណ៍សមាគមធានារ៉ាប់រងកម្ពុជា បានបង្ហាញថា ៣ខែឆ្នាំនេះ បុព្វលាភសរុបរបស់ធានារ៉ាប់រងទូទៅមានចំនួនប្រមាណ ៤២,៨លានដុល្លារអាមេរិក កើនឡើងជាង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯសេវាកម្មធានារ៉ាប់រងអាយុជីវិតវិញ បុព្វលាភសរុបមាន ៣៧,៦លានដុល្លារអាមេរិក កើនឡើងជាង ១៨ភាគរយ។
លោក ហ៊ុយ វ៉ាតថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បញ្ជាក់អះអាងថា កំណើននេះយើងមិនទាន់ដឹងច្បាស់នៅឡើយទេ ថា វិស័យនេះនឹងនៅតែបន្តកើនឡើងសម្រាប់ត្រីមាសទី២ ខាងមុខ ឬយ៉ាងណានោះ។ លោកថា កំណើននៅត្រីមាសទី១ គឺភាគច្រើនបានមកពីអតិថិជនទិញធានារ៉ាប់រងចាស់ៗ មកបន្តសុពលភាពរបស់ខ្លួនឡើងវិញ។ ចំណែកអតិថិជនថ្មីមានចំនួនតិចតួចប៉ុណ្ណោះ ពីព្រោះតែឥទ្ធិពលកូវីដ១៩ ចាប់ផ្តើមប៉ះពាល់ខ្លាំងលើវិស័យធានារ៉ាប់រង ចាប់ពីខែមីនា រហូតមកដល់ពេលនេះ។
លោក ហ៊ុយ វ៉ាតថារ៉ូ បញ្ជាក់ថា វិស័យធានារ៉ាប់រងនៅឆ្នាំ២០២០នេះ នឹងមិនអាចជៀសផុតបានឡើយពីឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩ បើសិនជាស្ថានភាពនៅតែបន្តដូចបច្ចុប្បន្ន គឺនៅត្រីមាសទី២ខាងមុខ វិស័យនេះនឹងទទួលរងផលប៉ះពាល់ជាអវិជ្ជមាន។ រង្គោះរង្គើដោយសារតែសកម្មភាពសេដ្ឋកិច្ច ការធ្វើអាជីវកម្មទាំងឡាយ ហាក់ដូចជាមិនមានការកើនឡើងដូចមុនឡើយ សកម្មភាពលក់សេវាកម្មរបស់ភ្នាក់ងារនៅក្នុងវិស័យធានារ៉ាប់រងក៏មិនអាចទៅជួបនឹងអតិថជនបានដូចមុន ដោយសាតែការគោរពតាមវិធានការរបស់រដ្ឋាភិបាល រក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា និងមិនអាចជួបជាសាធារណៈបាន។
លោក ហ៊ុយ វ៉ាតថារ៉ូ បញ្ជាក់ទៀតថា សកម្មភាពអាជីវកម្មក៏មានការថមថយ ដែលធ្វើឲ្យប្រាក់ចំណូលរបស់ពលរដ្ឋធ្លាក់ចុះ ហើយសកម្មភាពផលិតកម្មផ្សេងៗនៃឧស្សាហកម្មរោងចក្រ សហគ្រាសក៏មានការថយចុះ ដែលការថមថយនៃសកម្មភាពទាំងនេះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យធានារ៉ាប់រងនៅកម្ពុជាដែរ។
ជុំវិញទៅនឹងបញ្ហានេះដែរ លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំជាងគេមួយនៅកម្ពុជា បានមានប្រសាសន៍ដែរថា វិស័យធានារ៉ាប់រងនៅកម្ពុជានឹងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩ បើជំងឺនេះនៅតែបន្តអូសបន្លាយយូរតទៅមុខទៀតនោះ ច្បាស់ណាស់ វានឹងប៉ះពាល់ខ្លាំងទៅដល់ប្រាក់ចំណូលក្រុមហ៊ុន ខណៈប្រាក់ចំណូលបានមកវិស័យដឹកជញ្ជូន វិស័យអចលនទ្រព្យសំណង់ និង ចំណូលអាជីវកម្មផ្សេងៗកំពុងត្រូវបានធ្លាក់ចុះដូចគ្នាផងនោះ។
លោក យក់ ចំរើនប្ញទ្ធិ បញ្ជាក់បន្ថែមថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅឆ្នាំ២០២០នេះ ពិតណាស់វិស័យនេះ នឹងមិនអាចមានកំណើននោះទេ ដោយសារឥទ្ធិពលជំងឺកូវីដ១៩នេះ។ ប៉ុន្តែ យ៉ាងណាក៏ដោយចុះ នៅក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ទទួលបានបុព្វលាភសរុប ជាង១៧លានដុល្លារ កើនឡើង ២០ភាគរយ។
គួរបញ្ជាក់ថា បើតាមប្រធានសមាគមធានារ៉ាប់រងកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០នេះ ប្រាក់សំណងដែលបានទូទាត់ឲ្យអតិថិជននៅក្នុងវិស័យធានារ៉ាប់រងទូទៅ មានសរុបជិត ៦លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើងប្រមាណ ៣៧ភាគរយ៕