នៅក្នុងចំណោមទុនវិនិយោគដែលមានតម្លៃដល់ទៅ ជាង១១ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ ការវិនិយោគពីជប៉ុន អាមេរិក និង ចិន គឺឈរលំដាប់កំពូលប្រទេសទាំង៣ ដែលមានការវិនិយោគផ្ទាល់មកកាន់ថៃច្រើនជាងគេ។
ប្រធានក្រុមប្រឹក្សាវិនិយោគថៃ លោកស្រី ដួងចៃ អាសាវ៉ាជិនតាឈីត (Duangjai Asawachintachit) បានបញ្ជាក់នៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍ថា ប្រទេសថៃនៅតែមានការវិនិយោគពីបរទេសកើនច្រើនដដែល នៅគ្រាដែលបរិយាកាសវិនិយោគសកលលោក នៅតែមានការប្រឈម ដោយសារតែផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩ បន្ដកើតមាន។ មន្ត្រីជាន់ខ្ពស់ថៃរូបនេះ អះអាងទៀតថា ទំនុកចិត្តវិនិយោគិនមកលើប្រទេសថៃ គឺផ្ដោតសំខាន់ទៅលើការវិនិយោគនៅក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិក និងផ្គត់ផ្គង់សម្ភារៈសុខាភិបាល និងវេជ្ជសាស្ត្រជាដើម។
នៅក្នុងឆមាសទី១នេះ វិស័យផលិតគ្រឿងអេឡិចត្រូនិករបស់ថៃ បានស្រូបទាញទុនវិនិយោគជិត២ពាន់លានដុល្លារ កើនឡើង១៣៦% ធៀបនឹងឆមាសទី១កាលពីឆ្នាំមុន។ រីឯ វិស័យសុខាភិបាលវិញ ស្រូបទាញបានទុនវិនិយោគជិត ១ពាន់៣រយលានដុល្លារ កើនឡើងជាង ៣ដង។
យ៉ាងណាក៏ដោយចុះ ចាប់តាំងពីខែមេសាមកទល់នឹងពេលនេះ រលកឆ្លងថ្មីកូវីដ-១៩ ជាមួយនឹងវត្តមានមេរោគបំប្លែងថ្មី ឌែលតា កំពុងលុកលុយយ៉ាងខ្លាំងក្លានៅក្នុងប្រទេសថៃ ខណៈដែលស្ថាប័នជំនាញបានព្យាករថា សេដ្ឋកិច្ចថៃនៅឆ្នាំនេះ អាចនឹងមានកំណើនក្រោម១%ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រទេសថៃនៅបន្ដមានករណីឆ្លងប្រចាំថ្ងៃ ក្នុងតួលេខខ្ពស់នៅឡើយ ដោយក្នុងមួយថ្ងៃមានអ្នកឆ្លងថ្មីប្រមាណ ២ម៉ឺននាក់ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ កើនមកដល់ជិត៨០ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់វិញមានជាង៦ពាន់នាក់៕