វៀតណាម

តើនយោបាយផ្ទៃក្នុងរបស់វៀតណាមពិតជាកំពុងឡើងកម្តៅនិងស្ថិតក្នុងភាពមិនច្បាស់លាស់ ឬយ៉ាងណា?


ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលការកោតសរសើរមិនតិចទេពីសំណាក់វិនិយោគិនបរទេសគ្រាក់ៗមួយចំនួនក្នុងការបោសសម្អាត និងកំចាត់មន្ត្រីពុករលួយក្នុងជួរបក្ស និងរដ្ឋាភិបាលវៀតណាម។ ប៉ុន្តែឥឡូវនេះ យុទ្ធនាការរបស់លោកមានគោលបំណងមួយផ្សេងទៀតគឺដើម្បីពង្រឹងអំណាចឱ្យកាន់តែតឹងណែន ក្រោយពីសប្តាហ៍មុនប្រធានាធិបតីវៀតណាមបានចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
តើមានទិដ្ឋភាពអ្វីខ្លះក្រោយប្រធានាធិបតីវៀតណាមចុះចេញពីតំណែង?

សូមរលឹកបន្តិចថា កាលពីថ្ងៃទី១៧ ខែមករា លោក ង្វៀន សៀនហ្វុក ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានសម្រេចឱ្យលាលែងចេញពីតំណែង ក៏ដូចជាសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការបក្ស។ ការលាលែងពីតំណែងរបស់លោក ង្វៀន សៀនហ្វុកនេះ គឺក្រោមហេតុផលថា លោកត្រូវទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំ ដែលបណ្ដែតបណ្ដោយឲ្យមានមន្ត្រីក្រោមឱវាទ រួមមាន ឧបនាយករដ្ឋមន្ត្រីពីរូប និងរដ្ឋមន្ត្រីបីរូប ប្រព្រឹត្តអំពើរំលោភបំពានច្បាប់ពាក់ព័ន្ធនឹងរឿងពុករលួយ ដែលបង្កផលវិបាកដល់ប្រទេស។

ហេតុអ្វីបានជាយល់ឃើញថាការចុះចេញពីតំណែងរបស់លោកង្វៀន សៀនហ្វុក ជាការពង្រឹងអំណាចរបស់លោកង្វៀន ភូជុង ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម?

នៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគបរទេស និងប្រជាជនវៀតណាម មើលឃើញថា លោក ង្វៀន សៀនហ្វុក គឺជាអ្នកដែលប្តូរមុខមាត់សេដ្ឋកិច្ចវៀតណាមឱ្យមករកភាពរីកចម្រើនបំផុតបើប្រៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏ជាគូប្រជែងដ៏មានឥទ្ធិពលមួយរបស់លោក ង្វៀន ភូជុង ចាប់តាំងពីឆ្នាំ ២០១១ មកម្លេះ។

យ៉ាងណាក៏ដោយ ក្នុងវេលានេះគេនៅមិនទាន់ច្បាស់ទេថា តើនរណានឹងចូលខ្លួនមកស្នងតំណែងប្រធានាធិបតីវៀតណាមនោះ ខណៈប្រធានបក្សកុម្មុយនិស្តវៀតណាមនឹងដើរតួយ៉ាងសំខាន់ក្នុងសម្រេចចុងក្រោយ។ មែនទែនទៅ ការជ្រើសរើសមុខតំណែងដ៏សំខាន់នេះ នឹងធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គ ពាក់កណ្តាលអាណត្តិនៅខែមេសាខាងមុខនេះ នៅពេលដែលសមាជិកការិយាល័យនយោបាយថ្មីនឹងត្រូវបានប្រកាស ជាពេលដែលអ្នកស្នងតំណែងប្រធានាធិបតីត្រូវបានបង្ហាញខ្លួន។ ជាធម្មតាប្រធានាធិបតីនឹងប្រកាសជាផ្លូវការនៅខែឧសភា បន្ទាប់ពីរដ្ឋសភាវៀតណាមបោះឆ្នោតឱ្យ។

បើតាមលោក Linh Nguyen អ្នកដឹកនាំក្រុមអ្នកវិភាគប្រចាំប្រទេសវៀតណាមបាននិយាយថា «ពិតជាមានធាតុផ្សំនៃការអភិរក្សនិយមនៅក្នុងជួរបក្សមែន ហើយលោកង្វៀន ភូជុង មើលឃើញច្បាស់ពីការគំរាមកំហែងក្នុងជួរបក្ស និងរដ្ឋាភិបាលវៀតណាមដែលត្រូវតែវៀបចំ និងពង្រឹងមនោគមវិជ្ជាបក្សកុម្មុយនិស្តដែលកំពុងដឹកនាំប្រទេសដែលមានប្រជាជនជិត១រយលាននាក់នេះឡើងវិញ»។

មិនខុសពីប្រទេសចិននោះទេ ដែលជារដ្ឋកុម្មុយនិស្តឯកបក្សដែរ រឿងរ៉ាវជាច្រើនដែលកើតឡើងនៅវៀតណាមគឺកំពុងមានភាពមិនច្បាស់លាស់។ បើគ្មានការបោះឆ្នោតផ្លូវការទេ ការបោសសម្អាតអំពើពុករលួយនៅតែជាមធ្យោបាយដើម្បីបណ្តេញគូប្រជែង និងសម្អាតផ្លូវដើម្បីដាក់បុគ្គលដែលទុកចិត្តដើម្បីកាន់តំណែងសំខាន់ៗ។

ដោយឡែក វាមិនច្បាស់ទេថាតើការរង្គោះរង្គើផ្នែកនយោបាយអាចប៉ះពាល់ដល់នយោបាយក្នុងស្រុក និងការបរទេសកម្រិតណានោះ ស្របពេលដែលវៀតណាមបាននិងកំពុងផ្អៀងទៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសលើបញ្ហាការពារជាតិ និងដើម្បីធ្វើជាខ្នងបង្អែកក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

មកទល់ពេលនេះ វិនិយោគិនបរទេសក្នុងប្រទេសវៀងណាមហាក់មិនបានបង្ហាញពីការភ្ញាក់ផ្អើលចំពោះដំណឹងនៃការលាលែងរបស់ប្រធានាធិបតីវៀតណាមនោះទេ។ តែទន្ទឹមនឹងនោះ ម្ចាស់ភាគហ៊ុនធំៗមានការរំពឹងទុកថា នឹងមានការបន្ធូរបន្ថយលើគោលនយោបាយរូបិយវត្ថុ និងការបើកដំណើរការឡើងវិញនៃព្រំដែនជាមួយប្រទេសចិន។ សូមជម្រាបថាការវិនិយោគបរទេសវៀតណាមកាលពីឆ្នាំមុនបានកើនឡើង ១៣,៥% គឺមានជាង ២២ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ក្រោយកិច្ចប្រជុំអាមេរិក និងសម្ព័ន្ធមិត្ត គ្មានឡើយការបញ្ជូនរថក្រោះធុនធ្ងន់ឲ្យអ៊ុយក្រែន

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបរាជ័យនៅអំឡុងកិច្ចចរចាមួយក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំង ឱ្យផ្តល់រថក្រោះប្រ…

តម្លៃលោហៈធាតុមានតម្លៃដូចជាមាស និងប្រាក់ ត្រូវបានព្យាករថា នឹងហក់ឡើងថ្លៃកាន់តែខ្ពស់នៅឆ្នាំ២០២៣

តម្លៃលោហៈធាតុមានតម្លៃដូចជា មាស និងប្រាក់ ត្រូវបានអ្នកជំនាញអះអាងថា នឹងមានតម្លៃកើនឡើងខ្លាំងនៅឆ្នាំ២០២៣នេះ។ កើនឡើង ក៏ដោយសារតែមានសម្ពាធអត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ