ក្រុមវិនិយោគិនក្នុងវិស័យផ្សារហ៊ុន នៅហុងកុង ដែលបានដាក់ពាក្យទិញភាគហ៊ុនរបស់ ក្រុមហ៊ុន Ant Group ដែលមានតម្លៃសរុបដល់ទៅជិត ៤០ពាន់លាននោះ នឹងត្រូវទទួលបានប្រាក់សងត្រឡប់មកវិញ ជាពីរវគ្គ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុខ្នាតយក្សមួយនេះ បានសម្រេចផ្អាកការបោះផ្សាយលក់មូលបត្ររបស់ខ្លួន។ ការប្រកាសពីការផ្អាកដំណើរការបោះផ្សាយលក់មូលបត្រនេះ គឺធ្វើឡើងកាលពីថ្ងៃពុធទី ៤ ខែវិច្ឆិកា ពោលគឺមានរយៈពេល២ថ្ងៃ នៅមុនពេលដែលភាគហ៊ុននឹងត្រូវដាក់ឲ្យមានការចាប់ផ្ដើមជួញដូរ និងមានរយៈពេល ១ថ្ងៃ ក្រោយពេលដែល លោក Jack Ma និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះ ត្រូវបានអាជ្ញាធរចិន ដែលជានិយ័តករ ហៅទៅសួរនាំ ទាក់ទងនឹងការបោះផ្សាយលក់មូលបត្រនេះ។
បើតាមក្រុមហ៊ុន បានគូសបញ្ជាក់ថា ការផ្អាកបោះផ្សាយIPO នាពេលនេះ គឺព្រោះតែ ក្រុមហ៊ុន Ant Group មិនអាចបំពេញតាមការតម្រូវនៃការចុះបញ្ជី និងឯកសារដាក់បង្ហាញ ដោយសារតែមានការផ្លាស់ប្តូរនៃបរិយាកាសបទប្បញ្ញត្តិនៅក្នុងប្រទេសចិន។
តាមផែនការ ក្រុមហ៊ុន Ant Group នឹងបោះផ្សាយលក់មូលបត្ររបស់ខ្លួននៅផ្សារហ៊ុន សៀងហៃ និងហុងកុង ហើយការសម្រេចផ្អាកការបោះផ្សាយលក់មូលបត្រនេះ គឺនឹងត្រូវផ្អាកទាំងពីរទីផ្សារតែម្ដង។
វិនិយោគិនហុងកុង ប្រមាណ ជាង១លាន ៥សែននាក់ បានបញ្ចូលប្រាក់ជាដើមទុនវិនិយោគរបស់ខ្លួន ទៅក្នុងការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន Ant Group ក្នុងគោលបំណងដើម្បីទទួលបានចំណែកភាគហ៊ុនតាមដែលពួកគេចង់បាន ដូច្នេះហើយ វាបានធ្វើឲ្យចំនួនទឹកប្រាក់ ដែលក្រុមហ៊ុនត្រូវបង្វិលសងទៅឲ្យវិនិយោគិនវិញនោះ គឺមានចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរចិន ដែលជានិយ័តករ ក៏បានបើកការស៊ើបអង្កេតម្ដងរួចហើយដែរ ទាក់ទងនឹងការបោះផ្សាយលក់ IPO នេះ ដោយមានការសង្ស័យថា ជាការវិនិយោគបែបអនាមិក៕