ក្រុមហ៊ុន Tencent ដែលគេស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមដ៏ធំបំផុតមួយក្នុងប្រទេសចិន បានកើនឡើងតម្លៃលើសក្រុមហ៊ុន Alibaba Group ដោយសារតែតម្លៃរបស់ក្រុមហ៊ុន Tencent ក្នុងសប្ដាហ៍នេះ បានហក់កើនឡើងដល់ ៤០ ពាន់លានដុល្លារអាមេរិក ជាមួយនឹងតម្លៃហ៊ុនកើនឡើងលើស ៥០០ដុល្លារហុងកុង (៦៤,៥ដុល្លារអាមេរិក) នៅថ្ងៃជួញដូរផ្សារហ៊ុន កាលពីថ្ងៃពុធ ទី២៤ ខែមិថុនានេះ។
តម្លៃភាគហ៊ុន របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent ហក់កើនឡើងខ្លាំង វាក៏បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិករបស់ក្រុមហ៊ុននេះ គឺលោក Pony Ma កើនដល់ ៥០ពាន់លានដុល្លារអាមេរិក លើសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីល្បីឈ្មោះរបស់ចិន គឺ លោក Jack Ma ដែលមាន ៤៨ពាន់លានដុល្លារអាមេរិក។
ការរីករាលដាលនៃមេរោគកូវីដ-១៩ បានជំរុញឲ្យមានសន្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យានៅកន្លែងធ្វើការងារ និងការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់។ កត្តានេះ បានជំរុញឲ្យតម្លៃភាគហ៊ុន នៃក្រុមហ៊ុនអ៊ិនធើណែតជាច្រើន ហក់កើនឡើងខ្ពស់។ បច្ចុប្បន្ននេះ មហាសេដ្ឋី ដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន គឺច្រើនជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យា។
ក្រុមហ៊ុន Tencent បានបន្ដដំណើរវែងឆ្ងាយរបស់ខ្លួនតាំងពីមានជួបបញ្ហាធ្លាក់ចុះខ្លាំងនៅឆ្នាំ២០១៨ នៅពេលដែលប្រទេសចិន បានបង្ខាំងទុកដំណើរការអនុម័តសម្រាប់ក្រុមហ៊ុនហ្គេមថ្មីៗ។ តាំងពីនោះមក តម្លៃហ៊ុនក្រុមហ៊ុននេះ បានកើនឡើងស្ទើរតែទ្វេមួយជាពីរ ហើយកាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានរាយការណ៍ពីប្រាក់ចំណូលកើនឡើង ២៦%។
អ្នកវិភាគជាន់ខ្ពស់របស់ Bloomberg បានបញ្ជាក់ថា «ផ្នែកអាជីវកម្មល្បែងអនឡាញរបស់ Tencent នឹងអាចឈរជើងបានរឹងមាំ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ ហើយអាជីវកម្មភាគច្រើនទៀតរបស់ក្រុមហ៊ុននេះ កឺមិនស្ថិតនៅក្នុងប្រភេទអាជីវកម្ម ដែលរងផលប៉ះពាល់ព្រោះតែកូវីដ-១៩នោះដែរ»។
លោក Pony Ma ដែលមានវ័យ ៤៨ឆ្នាំ បានកាន់ដាប់ភាគហ៊ុន ៧% នៃក្រុមហ៊ុន Tencent និងមានលុយប្រហែល ៧៥៧លានដុល្លារ បានមកពីការលក់ហ៊ុន ១៤,៦លានហ៊ុន របស់គាត់ នៅឆ្នាំនេះ។ នេះបើតាមតួលេខពី Bloomberg។
មហាសេដ្ឋីចិនមានជាងគេបំផុតរូបនេះ គឺមានស្រុកកំណើតនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន និងបានសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យ ស៊ិន ជិន ហើយក៏ធ្លាប់ធ្វើជាអ្នកអភិវឌ្ឍន៍កម្មវិធី នៅឯក្រុមហ៊ុនផ្គត់ផ្គង់សេវា និងផលិតផលទូរគមនាគមន៍មួយផងដែរ មុនពេលលោកក្លាយជាសហស្ថាបនិកក្រុមហ៊ុន Tencent ជាមួយនឹងដៃគូ៤នាក់ទៀត នៅក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៩០។ នៅគ្រានោះ ក្រុមហ៊ុននេះ គឺគ្រាន់តែក្រុមហ៊ុនបង្កើតកម្មវិធីផ្ញើសារប៉ុណ្ណោះ (Instant-messaging services)៕