ឥន្ធនៈអ៊ីដ្រូសែន ដែលបញ្ចេញកាកសំណល់មកវិញជាចំហាយទឹកសុទ្ធសាធ ដោយមិនបញ្ចេញឧស្ម័នកាបូនិចដូចជាថាមពលផូស៊ីលនោះ ត្រូវបានចាត់ទុកថាជាប្រភពថាមពលជំនាន់ក្រោយ នៅពេលដែលប្រទេសនានាបន្តខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចូលទៅក្នុងបរិយាកាស។
ទោះជាយ៉ាងណា ឥន្ធនៈអ៊ីដ្រូសែនត្រូវបានរាយការណ៍ថាមានតម្លៃខ្ពស់ជាងដល់ទៅ១០ដងឯណោះបើធៀបនឹងតម្លៃឧស្ម័នធម្មជាតិ គិតចាប់ពីផលិតកម្មដល់ការចែកចាយ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ក៏ជប៉ុន នៅមិនបោះបង់គោលដៅនេះចោលឡើយ ដោយក្រុងតូក្យូ គ្រោងផ្ដល់ឧបត្ថម្ភធនដល់បណ្ដាក្រុមហ៊ុនដែលផលិតអ៊ីដ្រូសែនកាន់តែស្អាត ឬ ដែលគេស្គាល់ថា អ៊ីដ្រូសែនបៃតង ឬ អ៊ីដ្រូសែនខៀវ ដើម្បីកាត់បន្ថយគម្លាតតម្លៃកុំឱ្យខុសគ្នាឆ្ងាយពេក។
សារព័ត៌មាន Nikkei បានរាយការណ៍ថា បច្ចុប្បន្នឥន្ធនៈអ៊ីដ្រូសែនភាគច្រើនត្រូវបានផលិតចេញពីឧស្ម័នធម្មជាតិ ឬ ធ្យូងថ្មដែលបណ្តាលឱ្យមានការបំភាយឧស្ម័នកាបូនិចក្នុងកម្រិតខ្ពស់អំឡុងពេលផលិត។
នៅពេលនេះប្រទេសជប៉ុន គ្រោងនឹងបង្កើនការផ្គត់ផ្គង់ឥន្ធនៈអ៊ីដ្រូសែនក្នុងស្រុកចំនួន៥០%ឈានដល់៣លានតោននៅឆ្នាំ២០៣០ និងដល់២០លានតោននៅឆ្នាំ២០៥០។
បច្ចុបប្បន្ន សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធា និងសហភាពអឺរ៉ុប កំពុងដឹកនាំការជួយគាំទ្រដល់ការផលិតអ៊ីដ្រូសែនស្អាត។
ហើយក្រៅពីនេះ បណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដូចជាប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអូឌីត ជាដើមក៏កំពុងប្រញាប់ប្រញាល់ផលិតអ៊ីដ្រូសែនពីថាមពលកកើតឡើងវិញផងដែរ ប៉ុន្តែមិនបានអនុម័តគោលនយោបាយឧបត្ថម្ភធនដូចជប៉ុន និងសហភាពអឺរ៉ុប នោះទេ៕
ដោយៈ សរ សុជាតិ