កម្ពុជា-ជប៉ុន

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា?


បើមិនមានការប្រែប្រួលទេ លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ខណៈប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ ហើយក៏បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការមកបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជានេះ?
កម្ពុជា-ជប៉ុន
ដោយ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន មានសារសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ស្របពេលប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងការទូតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងទិដ្ឋភាពនយោបាយ គឺបង្ហាញឱ្យឃើញអំពីទំនាក់ទំនងជិតស្និតរវាងប្រទេសទាំងពីរ ដែលអាចទទួលបានពីការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងកិច្ចការតំបន់ និងពិភពលោក។

​បើតាមលោកបណ្ឌិត គិន ភា វត្តមានរបស់រដ្ឋមន្ត្រីការបរទេសជប៉ុននឹងបង្ហាញដល់មជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាមានគោលនយោបាយផ្កាចម្រុះពណ៌ ឬមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានា ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដែលនេះអាចរំលេចឱ្យឃើញពីដំណើរការពិពិធកម្មការទូតរបស់កម្ពុជា ខណៈពេលកន្លងមកមានការចោទប្រកាន់ថា កម្ពុជាមានភាពលម្អៀងទៅរកប្រទេសចិន។

​ជាមួយគ្នានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ កម្ពុជា បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ អាចនឹងធ្វើឱ្យការវិនិយោគរបស់ជប៉ុននៅកម្ពុជានឹងមានទំហំកាន់តែធំជាងមុនក្រោមទំនុកចិត្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលធានាការពារការវិនិយោគផ្ទាល់ពីបរទេស។ ក្រៅពីនេះភាគីទាំងពីរក៏អាចមានការផ្លាស់ប្ដូរពាណិជ្ជកម្ម ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនាពេលឆាប់ៗ ដើម្បីជំរុញទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក។

បើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។ ទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


សម្តេចធិបតី ជំរុញឱ្យអ្នកចិញ្ចឹមត្រីពង្រីកការចិញ្ចឹម ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការក្នុងស្រុក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យអ្នកចិញ្ចឹមត្រីពង្រើកការចិញ្ចឹមត្រីរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀង និងត…

តើការបូមខ្សាច់ចេញពីទន្លេពិតជាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះក្នុងទឹកមែនឬ?

អាជីវកម្មបូមខ្សាច់នៅតាមទន្លេត្រូវបានគេសង្កេតឃើញថា មានសកម្មភាពរីកដុះដាលគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយ ក្រោយមានតម្រូវការប្រើប្រាស់ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ