ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ផ្ទៃដីដែលក្រុមហ៊ុនជប៉ុនកំពុងដាំខ្ញីបច្ចុប្បន្ន មានប្រមាណ ២០ ឬ ៣០ហិកតា ស្ថិតនៅក្នុងស្រុកវាលវែង ដែលជាសិប្បកម្មខ្នាតតូចដើម្បីផលិតខ្ញីនិងកែច្នៃខ្ញីជាជ្រក់ជប៉ុនសម្រាប់នាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប។
ឯកឧត្តមមានប្រសាសន៍ថា៖ «ខ្ញីហ្នឹងល្អណាស់ ព្រោះធ្វើឲ្យមានសុខភាពល្អ។ ដីដែលដាំខ្ញីរបស់គាត់ មិនអាចទៅកន្លែងណាផ្សេងក្រៅពីម្តុំស្រុកវាលវែងនោះទេ ព្រោះខ្ញីនេះបាននាំពូជពីប្រទេសជប៉ុនដែលទាមទារដីមានលក្ខខណ្ឌខ្ពស់ណាស់។ បើខុសពីដីហ្នឹង ខ្ញីក៏អត់ហឹរដូចការចង់បានរបស់ក្រុមហ៊ុនដែរ»។
អភិបាលរងខេត្តខាងលើ បានបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរខេត្តកំពុងសម្រួលឲ្យក្រុមហ៊ុនជប៉ុនពង្រីកសក្តានុពលរបស់ខ្លួន ដើម្បីឲ្យកសិករចូលរួមដាំខ្ញីលក់ឲ្យក្រុមហ៊ុនជប៉ុន ដែលជាការលើកកម្ពស់ជីវភាពពលរដ្ឋ តាមរយៈប្រាក់ចំណូលនៃដំណាំមួយនេះ។
ឯកឧត្តម អ៊ឹង គឹមលាង អះអាងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនជប៉ុនសម្រាប់ដំណាំខ្ញីនិងបង្កើតរោងចក្រកែច្នៃខ្ញី តាំងពីឆ្នាំ២០១២ ដោយបោះទុនវិនិយោគជាទឹកប្រាក់ប្រមាណ៥លានដុល្លារសហរដ្ឋអាមេរិក៕