កាលពីឆ្នាំ ២០១៩ វិនិយោគិនជប៉ុន បានចាក់បញ្ចូលទុនវិនិយោគជាង ២,៨ ពាន់លានដុល្លារអាមេរិក ទៅក្នុងគម្រោងចំនួន ៦៥៥ ក្នុងប្រទេសវៀតណាម ហើយក្នុងនោះ ៦៦% នៃវិនិយោគិនជប៉ុន បានរាយការណ៍ថា ទទួលបានផលចំណេញគាប់ប្រសើរពី ប្រតិបត្តិការក្នុងឆ្នាំ ២០១៩។
លោក ណាកាជីម៉ា តាកែវ តំណាងប្រធានការិយាល័យទីក្រុងហាណូយរបស់ អង្គការ JETRO បានគូសបញ្ជាក់ថា ដោយសារតែសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន បានរុញច្រានឲ្យមានការចាក់បញ្ចូលទុនវិនិយោគ មកកាន់ ប្រទេសវៀតណាម ហើយបរិយាកាសវិនិយោគ និងអាជីវកម្ម កាន់តែអំណោយផល បានទាក់ទាញ វិនិយោគិនជប៉ុន ឲ្យចូលមកវៀតណាម កាន់តែច្រើន។
លើសពីនេះទៅទៀត វៀតណាម ក៏ទទួលបាននូវការវាយតម្លៃខ្ពស់ពី សំណាក់ក្រុមហ៊ុនជប៉ុន ដែលចាត់ទុក វៀតណាម ជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតរបស់ពួកគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ ២០២០នេះ ដោយសារតែប្រទេសវៀតណាម នៅមានសក្តានុពលសម្រាប់ការលូតលាស់ខ្ពស់ និងមានកម្លាំងពលកម្មដែលមានជំនាញ និងតម្លៃប្រាក់ឈ្នួលទាប។
គួរជម្រាបថា បើតាមរបាយការណ៍របស់ ទីភ្នាក់ងារវិនិយោគបរទេស ស្ថិតក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ប្រទេសវៀតណាម ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស ប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៧% ធៀបនឹងឆ្នាំ ២០១៨ ហើយតួលេខនេះ គឺកើនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
ក្នុងចំណោម ១២៥ប្រទេស ដែលវិនិយោគនៅក្នុងប្រទេសវៀតណាម គឺប្រទេសកូរ៉េខាងត្បូង ឈរលើកំពូលតារាង ហើយហុងកុង ឈរលេខ ២ និងសិង្ហបុរី ឈរលេខ ៣ ខណៈដែរ ជប៉ុន ឈរនៅលេខរៀងទី ៤៕