ការបោះឆ្នោតជ្រើសតាំងសភាជាន់ខ្ពស់ជប៉ុន បានចាប់ផ្តើមនៅម៉ោង ៧ ព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានបិទបញ្ចប់នៅម៉ោង ៨ យប់។
បើទោះបីជា ការបោះឆ្នោតនៅតែបន្ដធ្វើឡើងជាធម្មតាក្ដី ប៉ុន្ដែ ទិដ្ឋភាពស្រស់ៗ នៃបាញ់សម្លាប់អតីតនាយករដ្ឋមន្រីជប៉ុន លោក អាបេ គឺនៅតែជាការតក់ស្លុតយ៉ាងខ្លាំង សម្រាប់ប្រជាជនជប៉ុន ក៏ដូចជាពិភពលោកផងដែរ។ អ្នកនយោបាយមកពីបក្សកាន់អំណាច រួមទាំងបក្សប្រឆាំងរបស់ជប៉ុន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើឃាតលោក អាបេ ដែលបានកើតឡើងនៅភាគខាងលិចទីក្រុងណារ៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដោយបានហៅអំពើនេះជាបញ្ហាប្រឈមមួយនៅក្នុងលទ្ធិប្រជាធិបតេយ្យ។
ទោះបីជាយ៉ាងណា មេដឹកនាំនយោបាយរួមទាំងនាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅតែបានបន្តដំណើរយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោលកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយប្តេជ្ញាថា៖ «នឹងមិនចុះចាញ់នឹងអំពើភេរវកម្មនោះឡើយ ហើយលោកបានទទូចថា ត្រូវតែមានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសជប៉ុន»។
គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ខ្ពស់របស់ប្រទេសជប៉ុននេះ ត្រូវបម្រើការរយៈពេលប្រាំមួយឆ្នាំ។ ហើយការបោះឆ្នោតត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ដើម្បីជ្រើសរើសពាក់កណ្តាលនៃ អាសនៈ សរុបចំនួន ២៤៨ ឡើងវិញ។
មួយវិញទៀត ការបោះឆ្នោតនេះធ្វើឡើង ចំពេលដែលមានការឡើងថ្លៃ នៃសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោកផងដែរ។
ក៏ប៉ុន្តែ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់នាយករដ្ឋមន្ត្រី លោក Kishida ដែលកំពុងកាន់អំណាចបានសង្កត់ធ្ងន់ថា «អត្រាអតិផរណារបស់ប្រទេសជប៉ុន ដែលជាសន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់បានកើនឡើងជាង ២% នៅក្នុងខែឧសភានេះ គឺនៅតែទាបជាងប្រទេសដទៃទៀតឆ្ងាយ។ ហើយលោកបន្ថែមថា រាជរដ្ឋាភិបាលបានចាត់វិធានការជាក់លាក់រួចជាស្រេច ដើម្បីទប់ទល់នឹងតម្លៃអាហារ និងថាមពលដែលនឹងឡើងខ្ពស់ជាងផងដែរ។
យ៉ាងណាមិញ គណបក្សប្រឆាំងបានរិះគន់គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបក្សកាន់អំណាច LDP ដោយអ្នកខ្លះអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត សម្រាប់ប្រជាជនជប៉ុន ដូចជាការកាត់បន្ថយពន្ធលើការប្រើប្រាស់សម្ភារៈនានាជាដើម។
ដោយឡែក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជប៉ុនមានភាពរស់រវើកឡើងវិញ លោក Kishida បានចេញនូវគោលនយោបាយថ្មីមួយ ដែលលោកហៅថា «មូលធននិយមថ្មី» ដោយសន្យាថា នឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូល ដោយការវិនិយោគលើធនធានមនុស្ស បច្ចេកវិទ្យា ហើយនឹងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងគំនិតផ្តួចផ្តើមផ្សេងៗទៀត។ គេមើលឃើញថា ការបោះឆ្នោតនេះ នឹងឆ្លើយតបនឹងការតម្រូវការរបស់សាធារណជន ដែលកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចសកលនេះ។
មិនតែប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតនេះ នឹងគ្មានការបោះឆ្នោតជាតិទៀតទេ ក្នុងរយៈពេលបីឆ្នាំខាងមុខ។ ដូច្នេះប្រសិនបើគណបក្សប្រជាធិបតេយ្យសេរី LDP នៅតែបន្តឈ្នះ លោក Kishida គួរនឹងមានពេលវេលាច្រើនដើម្បីបន្តគោលដៅគោលនយោបាយសំខាន់លោកសម្រាប់សេដ្ឋកិច្ចជប៉ុន រួមទាំងការធ្វើវិសោធនកម្មជាលើកដំបូងចំពោះ«រដ្ឋធម្មនុញ្ញសន្តិនិយម»របស់ខ្លួនក៏ថាបាន ចាប់តាំងពីការចាញ់សង្គ្រាមលោកលើកទី២មក។
គួររំលឹកថា នៅក្នុងមាត្រា ៩ នៃ«រដ្ឋធម្មនុញ្ញសន្តិនិយម»ជប៉ុនបានហាមប្រាមមិនឱ្យប្រទេសជប៉ុនបង្កើតយោធា ឬចូលខ្លួនដោះស្រាយជម្លោះអន្តរជាតិតាមរយៈកម្លាំងយោធានោះឡើយ។ ប៉ុន្តែ សង្គ្រាមអ៊ុយក្រែនបានធ្វើឱ្យអ្នកនយោបាយជប៉ុនភាគច្រើនចង់ធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញនេះ ព្រមទាំងបង្កើនសមត្ថភាពការពារជាតិជប៉ុនថែមទៀតផង៕