គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅតែបន្តការឈ្នះឆ្នោត

នៅទីបំផុត គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅតែបន្តការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្រោយលោកអាបេទទួលមរណភាព


ក្រោយពីបើកការបោះឆ្នោតជាតិជ្រើសតាំងសភាជាន់ខ្ពស់របស់ជប៉ុនកាលពីថ្ងៃអាទិត្យ ជាលទ្ធផលបក្សកាន់អំណាច ដែលមកពីគណបក្សប្រជាធិបតេយ្យសេរី (LDP) បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីទៅលើបក្សប្រឆាំងផ្សេងៗទៀតនៅប្រទេសជប៉ុន ខណៈពេលដែលការឯកភាពផ្ទៃក្នុងបក្សកាន់អំណាចស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
នៅទីបំផុត គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅតែបន្តការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្រោយលោកអាបេទទួលមរណភាព

គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) រួម​ជាមួយនឹង​ដៃគូ​សម្ព័ន្ធ​យុវជន​របស់​ខ្លួន ដែល​មក​ពី​គណបក្ស​អភិរក្សនិយម (Komeito) បាន​ឈ្នះ​ឆ្នោត និង​បាន​បង្កើន​អាសនៈ​របស់​ខ្លួន​ដល់​ទៅ ១៤៦ កៅអី​ក្នុង​ចំណោម ២៤៨ អាសនៈ ដែល​ជា​សម្លេង​ឈ្នះ​ដាច់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អាសនៈ​ពាក់កណ្តាល​អាណត្តិ​នៃ​សភា​ជាន់ខ្ពស់​ជប៉ុន​។

មែនទែន​ទៅ ជាមួយនឹង​សម្លេង​ឈ្នះ​ឆ្នោត​ដ៏​ច្រើន​លើសលុប​នេះ នឹង​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នឹង​ឈរ​ជា​ប្រមុខ​រដ្ឋាភិបាល ដើម្បី​កាន់​អំណាច​បន្ត​ទៀត​រហូត​ដល់​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ ២០២៥ ខាង​មុខ​។

ហើយ​ការ​បន្តអំណាច​នេះ នឹង​អនុញ្ញាត​ឱ្យ​លោក Kishida មាន​ពេលវេលា​ច្រើន​ក្នុង​ការ​តាក់តែង​គោលនយោបាយ​រយៈពេល​វែង​របស់​ខ្លួន​ដូច​ជា សន្តិសុខ​ជាតិ ក៏​ដូច​ជា​គោលនយោបាយ​សេដ្ឋកិច្ច «​មូលធននិយម​ថ្មី​» ព្រមទាំង​គោលដៅ​ស្នូល​របស់​គណបក្ស LDP ក្នុង​ការ​ធ្វើ​វិសោធនកម្ម «​រដ្ឋធម្មនុញ្ញ​សន្តិ​និយម​» ដែល​បាន​ព្រាង​ដោយ​សហរដ្ឋអាមេរិក ក្រោយ​ជប៉ុន​ចាញ់​សង្គ្រាមលោក​ទី​២​ផង​ដែរ​។

ក្រោយ​ពី​ទទួលលទ្ធផល​ពី​ការ​បោះ​ឆ្នោត លោក​គី​ស៊ី​ដា ដែល​ជា​ប្រធាន​គណបក្សកាន់អំណាច​បាន​ទទួលស្គាល់​ការ​ឈ្នះ​ឆ្នោត​ដ៏​ធំធេង​នេះ ក៏​ប៉ុន្តែ​លោក​ហាក់​មិនសូវ​សប្បាយចិត្ត​នោះ​ឡើយ ដោយសារ​ការ​បាត់បង់​លោក Abe ដែល​ជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ ហើយ​ក៏​ជា​ជ​ន្ទ​ល់​ដ៏​រឹង​មាំ​មួយ​ក្នុង​ការ​បង្រួបបង្រួម​គណបក្ស​នេះ​ផង​ដែរ​។

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជប៉ុន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ លោក Kishida បាន​ស​ង្គ​ត់​ធ្ងន់​ថា​៖ «​ការ​រួបរួម​ផ្ទៃក្នុង​បក្ស​គឺ​សំខាន់​ជាង​អ្វី​ទាំងអស់​»​។

លោក​បាន​បន្ថែម​ថា ការ​រីក​រាលដាល​នៃ​រលក​ថ្មី​កូ​វី​ដ​១៩ ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ការ​កើនឡើង​តម្លៃ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃជា​អ្វី​ដែល​គណបក្ស​របស់​លោក​ក្នុង​នាម​ជា​បក្ស​កាន់​អំណាច​ត្រូវ​គិតគូរ​។ ហើយ​លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ជំរុញ​ឲ្យ​មានការ​ពង្រឹង​សន្តិសុខ​ជាតិ​របស់​ជប៉ុន​ផង​ដែរ​។

បន្ទាប់​ពី​ការ​ធ្វើឃាត​ដ៏​រន្ធត់​ទៅ​លើ​លោក អា​បេ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន គេ​សង្កេត​ឃើញ​ថា ការ​បោះ​ឆ្នោតជាតិ​កាលពី​ថ្ងៃអាទិត្យ ជា​អត្ថន័យ​ថ្មី​មួយ​ក្នុង​នយោបាយ​ជប៉ុន ដោយ​មេដឹកនាំ​នយោបាយ​មក​ពី​គ្រប់​ភាគី​បាន​ស​ង្គ​ត់​ថា សេរីភាព​នៃ​ប​ញ្ជេ​ញ​មតិ និង​ការពារ​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ណាមួយ គឺ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ជប៉ុន​។

ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​មានច្បាប់​កាន់​កាំភ្លើង​តឹងរ៉ឹង​បំផុត​មួយ​។ ហើយ​បើ​យោង​តាម​ឯកសារ​ឧក្រិដ្ឋកម្ម​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាជន​ជាង ១២៥ លាន​នាក់​របស់​ខ្លួន ករណី​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​កាំភ្លើង​មាន​ត្រឹមតែ ២១ ករណី​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកនយោបាយ​មក​ពី​បក្ស​កាន់​អំណាច រួម​ទាំង​បក្ស​ប្រឆាំង​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វើឃាត​លោក អា​បេ ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងលិច​ទីក្រុង​ណា​រ៉ា​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​នេះ ដោយ​ក្រុម​អ្នកនយោបាយ បាន​ហៅ​អំពើ​នេះ​ថា ជា​បញ្ហា​ប្រឈម​មួយ​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ជប៉ុន​៕




អត្ថបទបន្ទាប់


រុស្ស៊ីបាញ់រ៉ុក្កែតសំដៅប្លុកអគារស្នាក់នៅរបស់ជនស៊ីវិល បណ្ដាលឲ្យមនុស្សស្លាប់ របួស និងច្រើនទៀតកំពុងជាប់ក្រោមគំនរបាក់បែក

ក្រុមអ្នកជួយសង្គ្រោះរបស់អ៊ុយក្រែន កំពុងព្យាយាមកកាយតាមគំនរបាក់បែកនៃអគារផ្ទះល្វែងមួយប្លុក នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកមនុស្ស ដែល…

នៅទីបំផុតការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសផ្លូវការពីការលាលែងតំណែងរបស់ប្រធានាធិបតីហើយ

ក្រោយពីប្រទេសជួបបញ្ហាសេដ្ឋកិច្ច និងនយោបាយរាំរៃជាច្រើនខែមកនេះ និងមានការផ្ទុះការតវ៉ាដ៏ខ្លាំងក្លានៅថ្ងៃពុធសប្ដាហ៍មុននេះ បានបង្ខំឲ្យប្រធានាធិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ