លោក Bezos និយាយថា លោកនឹងបន្ដទំនាក់ទំនងនៅក្នុងគ្រោងការណ៍សំខាន់ៗរបស់ក្រុមហ៊ុន Amazon ប៉ុន្ដែ លោកនឹងមានពេលវេលាច្រើនជាងមុនក្នុងការផ្ដោតលើមូលនិធិ Bezos Earth Fund និងក្រុមហ៊ុនរបស់លោកផ្សេងទៀត ដូចជា Blue Origin, The Washington Post និង Amazon Day 1 Fund ជាដើម។
លោក Jeff Bezos បច្ចុប្បន្នមានវ័យ ៥៧ឆ្នាំ ហើយលោកបានបង្កើតក្រុមហ៊ុន Amazon ឡើងតាំងពី១៩៩៤។ ចាប់តាំងពីពេលនោះមក ហាងសៀវភៅតាមអ៊ីនធើណែត បានប្រែក្លាយជាហាងលក់រាយដ៏ធំមួយ ដែលបានចែកចាយទូទាំងពិភពលោក ហើយក៏បានបន្តលក់នូវផលិតផលជាច្រើនផ្សេងទៀត។ ក្រោមការដឹកនាំរបស់លោក Bezos ក្រុមហ៊ុន Amazon បានកើនឡើងទីផ្សារមូលធនលើស១ទ្រីលានដុល្លារអាមេរិក គិតត្រឹមខែមករាកាលពីឆ្នាំ២០២០ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃជាង ១,៦ទ្រីលានដុល្លារអាមេរិក។
លោក Bezos បានសរសេរនៅក្នុងលិខិតទៅកាន់បុគ្គលិករបស់លោកថា «ខ្ញុំមានក្ដីរំភើប ដើម្បីប្រកាសថា នៅក្នុងត្រីមាសទី៣នេះ ខ្ញុំនឹងប្តូរតំណែងមកជាប្រធានប្រតិបត្តិនៃ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Amazon វិញ ហើយលោក Andy Jassy នឹងក្លាយជា CEO»។
លោក Bezos បន្ថែមថា «ក្នុងតំណែងជាប្រធានប្រតិបត្តិ ខ្ញុំនឹងចូលរួមផ្ដោតលើការយកចិត្តទុកដាក់ចូលរួមក្នុងការផ្ដួចផ្ដើម និងបង្កើតនូវផលិតផលថ្មីៗ។ Andy គឺបានស្គាល់យ៉ាងច្បាស់ស៊ីជម្រៅនៅក្នុងក្រុមហ៊ុនហើយ ហើយលោកក៏បាននៅជាមួយ Amazon ស្ទើរតែមានរយៈពេលប្រហែលនឹងខ្ញុំដែរ។ លោកនឹងក្លាយជាមេដឹកនាំដ៏លេចធ្លោរមួយរូប ហើយខ្ញុំក៏មានភាពជឿជាក់យ៉ាងពេញទំហឹងចំពោះរូបគាត់ដែរ»។
លោក Jassy នៅមានវ័យត្រឹមតែ ៥៣ឆ្នាំប៉ុណ្ណោះ ដែលលោកអាចឡើងកាន់តំណែង CEO ក្រុមហ៊ុន Amazon នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។
លោក Jassy បានចូលរួមជាមួយ Amazon តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ហើយបានដឹកនាំក្រុមគេហទំព័រសេវាកម្ម Cloud របស់ក្រុមហ៊ុននេះ តាំងពីដំណាក់កាលដំបូង ហើយសេវាកម្មនេះ ក៏បានទាញប្រាក់ចំណេញយ៉ាងច្រើនឲ្យក្រុមហ៊ុនផងដែរ៕