យោងតាមសេចក្តីប្រកាសនេះ, សកម្មភាពមុខរបរ និងការងារដោយជនបរទេសដែលត្រូវបានហាមមានដូចជា អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាអាជីវកម្ម រួមមាន អ្នកបើកទោចក្រយានយន្ត, អ្នកបើកត្រីចក្រយានយន្ត, អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក, អ្នកបើកម៉ូតូកង់បួន,អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ។
មុខរបរផ្សេងទៀតដែលត្រូវហាមមានដូចជា អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសារធារណ:, អ្នកម៉ាស្សា ចាប់សរសៃ, អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ភស្ស, អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង, អ្នកកាត់ដេរ, អ្នកប៉ះកង់, ជាងជួសជួលយានយន្ត,អ្នកផលិតវត្ថុអនុស្សាវរីយ៏ខ្មែរ, អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប, ជាងទង, ជាងច្នៃត្បូងពេជ្រ។
ប្រកាសនោះបានសរសេរដូច្នេះថា« ប្រកាសនេះមានគោលបំណងកំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៏ដែលត្រូវបានហាមឃាត់ចំពោះជនបរទេសក្នុងការប្រកបមុខរបរនិងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។»
យោងតាមក្រសូងការងារពាក្យថាបុគ្គលស្វ័យនិយោជន៏ គឺជាអ្នកដែលប្រកបការងារឬមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ។
ក្រសួងបានបន្តថា នឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណ និងសៀវភៅការងារ ដល់ជនបរទេស ដែលកំពុងប្រកបមុខរបរទាំងនេះទេ ហើយការដាក់ទោសគឺមានការពិន័យជាប្រាក់និងផ្តន្ទាទោសតាមច្បាប់ការងារ៕