នៅឆ្នាំសារពើពន្ធ ២០២២នេះ ច្បាប់ស្ដីពីការចំណាយលើវិស័យយោធាអាមេរិកដែលទើបត្រូវបានចុះហត្ថលេខាដោយលោកចូបៃឌិន ក្នុងទំហំទឹកប្រាក់ ៧៧០ពាន់លានដុល្លារអាមេរិកនោះ គឺមានការកើនឡើងប្រហែល ៥% ធៀបនឹងការចំណាយកាលពីឆ្នាំមុន។ ច្បាប់ថ្មីៗនេះ គឺជាការសម្របសម្រួលមួយ ក្រោយពីមានមានការចរចាសម្រេចដ៏តឹងតែងរវាងសភា និងព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនាពេលកន្លងមក ហើយវាក៏ធ្លាប់បានត្រូវជាប់គាំងដោយសារតែជម្លោះទាក់ទងនឹងគោលនយោបាយចិន និងរុស្ស៊ីផងដែរ។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាប់ពីបានចុះហត្ថលេខាលើច្បាប់ទាក់ទងនឹងការចំណាយសម្រាប់វិស័យការពារជាតិនេះថា ច្បាប់នេះផ្ដល់នូវអត្ថប្រយោជន៍សំខាន់ និងបង្កើនលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់បុគ្គលិកយោធា និងក្រុមគ្រួសាររបស់ពួកគេ ហើយរួមបញ្ចូលទាំងអាជ្ញាធរសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់អាមេរិក។
នៅក្នុងការចំណាយសរុបលើវិស័យការពារជាតិអាមេរិក ៧៧០ពាន់លានដុល្លារនៅឆ្នាំសារពើពន្ធ២០២២ ក៏មានការបង្កើន ២,៧% លើការចំណាយលើកងទ័ព និងការទិញយន្ដហោះចម្បាំង និងកប៉ាល់ បន្ថែមពីលើយុទ្ធសាស្ត្រសម្រាប់ទប់ទល់នឹងការគំរាមកំហែងភូមិសាស្ត្រនយោបាយ ជាពិសេស ជាមួយចិន និងរុស្ស៊ី។
ជាមួយគ្នានេះ ក៏មានបែងចែង ៣០០លានដុល្លារ សម្រាប់គំនិតផ្ដួចផ្ដើមជំនួយសន្ដិសុខនៅប្រទេសអ៊ុយក្រែង តាមរយៈការឧបត្ថម្ភគាំទ្រអាវុធដល់ក្រុមទាហាននៅប្រទេសនេះ។ និង ទឹកប្រាក់ ៤ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់គំនិតផ្ដួចផ្ដើមការពារតំបន់អឺរ៉ុប។
ដោយឡែក ទាក់ទងនឹងការចំណាយទប់ទល់នឹងឥទ្ធិពលយោធាចិនវិញ អាមេរិកបានត្រៀមថវិកា ជាង៧ពាន់លានដុល្លារ សម្រាប់គំនិតផ្ដួចផ្ដើមការពារតំបន់ប៉ាស៊ីហ្វិក ហើយអាមេរិកក៏បានចេញមុខគាំទ្រកោះតៃវ៉ាន់ ទាក់ទងនឹងវិស័យការពារជាតិនេះផងដែរ ខណៈក្រសួងការពារជាតិរបស់អាមេរិកថ្មីៗនេះ ក៏បានហាមឃាត់ការបញ្ជាទិញផលិតផល ដែលផលិតនៅតំបន់ស៊ីនជាំងប្រទេសចិនថែមទៀតផង៕