សេរីភាព​សារព័ត៌មាន

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា៖ ការ​ឃាត់​ខ្លួន​អ្នកកាសែត​​នៅប៉ោយប៉ែត ជាការរឹតត្បិត​សេរីភាព​


សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃ​អាទិត្យ (ទី១០ វិច្ឆិកា)នេះ បានសម្ដែង​ការសោកស្ដាយចំពោះ​ទង្វើ​របស់​កងរាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែលបាន​ឃាត់​ខ្លួន​អ្នកកាសែត​ពីររូប មកពីវិទ្យុ VOD រយៈពេលជាង ៣ម៉ោង កាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា និង​បាន​ហៅ​ការឃាត់​ខ្លួនអ្នក​កាសែតនោះ ថា ជាការ​រឹតត្បិតសេរីភាព​អ្នក​សារព័ត៌មាន។
លោក វណ្ណ វិចារ អ្នកសារព័ត៌មាន​វិទ្យុ VOD។ រូបភាព ៖ VOD
ដោយ

លោក វណ្ណ វិចារ និង​លោក ជន ចាន់រ៉ែន ជា​អ្នកសារព័ត៌មាន​មកពី​វិទ្យុ VOD បាន​និង​កំពុង​បំពេញ​ការងារ​រាយការណ៍​ព័ត៌មាន​ពី​តំបន់​ច្រក​ព្រំដែន​កម្ពុជា-ថៃ ប៉ោយប៉ែត នៅវេលា​ម៉ោង ៣រសៀល នា​ថ្ងៃសៅរ៍ ទី៩ វិច្ឆិកា ជុំវិញ​ព្រឹត្តិការណ៍​នៃ​ការ​ប៉ុន​ប៉ង​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ នៃ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប៉ុន្តែ ពេល​នោះ​ អ្នក​ទាំងពីរបានត្រូវកម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ ឃាត់​ខ្លួន និង​នាំ​ខ្លួនតាមរថយន្ត ទៅ​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត។ 

យោងតាម​ប្រកាស​ព័ត៌មានរបស់​ ខេមបូចា ចេញ​ផ្សាយ​នាថ្ងៃ​ទី១០ វិច្ឆិកានេះ លោក វណ្ណ វិចារ និងលោក ជន ចាន់រ៉ែន ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរអស់រយៈពេល​ ៣ម៉ោង​កន្លះ និងបន្ទាប់​មក ត្រូវបាន​ដោះលែង​វិញ ក្រោយ​ដែលពួកគេត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យាជាមួយសមត្ថកិច្ច។ 

លោក វណ្ណ វិចារ ថ្លែងប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា នៅពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក ​ទៅ​សួរ​នាំ លោក​មាន​អារម្មណ៍ "​ភ័យ​ខ្លាច និង​​បារម្ភ"​ ពីព្រោះ សមត្ថកិច្ច​មិន​​អនុញ្ញាត​​ឲ្យ​លោក ទាក់ទង​ទៅ​ថ្នាក់​លើ​ និ​គ្រួសារ​របស់​លោក​​ឡើយ។ លោ​បន្ត​ថា ​សម្ភារៈ​បំពេញ​ការងារ កាមេរ៉ា ទូរស័ព្ទ និង លេបថបរ​បស់​លោក សុទ្ធតែ​ត្រូវ​បាន​សមត្ថកិច្ច​​ត្រួត​​ពិនិត្យ។

លោក វណ្ណ វិចារ ថ្លែងដូច្នេះ ថា «គេ [កងរាជ​អាវុធហត្ថ]​​ប្រាប់​​ថា ហៅ​ទៅ​សាកសួរ​នៅ​បញ្ជាការ​ក្រុង។ គេ​​ឲ្យ​​យើង​ឡើង​ឡាន។​ គេ​ហៅឲ្យ​ឡើង​ឡាន តែ​ពេល​សួរ​ចម្លើយ​ សួរ​ធម្មតា អត់សម្លុតទេ»។

លោក វិចារ បន្តថា «សារ​ឆ្លើយ​ឆ្លង​ឯកជន​របស់​ខ្ញុំ​តាម​ទូរស័ព្ទ សារ​ឆ្លើយឆ្លង​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក តេឡេក្រាម អត្ថព័ត៌មាន​ចាស់ៗ ដែល​មិន​ពាក់ព័ន្ធនឹង​រឿង​កើត​ឡើង ក្នុង​អំឡុង​ពេល​ហ្នឹង​សោះ សុទ្ធតែ​ត្រូវ​សមត្ថកិច្ច​ស្ដាប់​និង​អាន ដែល​សមត្ថកិច្ច​បញ្ជាក់​ថា នេះ​ជា​ការ​ស្វែងរក​ភ័ស្តុតាង តែ​ខ្ញុំ​គិត​ថា ទង្វើ​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ឯកជន​របស់​ខ្ញុំ​និង​មិត្ត​រួមការងារ»។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិ​ ខេមបូចា បាន​និយាយថា ការហៅអ្នកសារព័ត៌មានពីរនាក់នេះ ទៅ​សាកសួរ ធ្វើ​ឲ្យ​ពួកគាត់​ភ័យ​ខ្លាច។ 

លោក ម៉ៃ ទិត្យថារ៉ា និយាយ​យ៉ាងដូច្នេះថា «ពួកគេ​មិនបានធ្វើ​អ្វី​ខុស​នោះទេ ហើយ​ថែមទាំង​ពាក់អាវ​ដែលមាន​សញ្ញា​ជា​អ្នក​សារព័ត៌មាន​ថែមទៀត។ ការហៅទៅសាកសួរ​នេះ បង្ហាញថា អាជ្ញាធរ​កំពុង​តែ​រឹតត្បិត​សេរីភាព​របស់អ្នកសារព័ត៌មាន​កម្ពុជា»។

លោក ទិត្យថារ៉ា ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា ធានា​សេរីភាពពេញលេញ​នៃ​ការរាយការណ៍របស់អ្នកសារព័ត៌មាន​ដែលបម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជុំវិញ​ហេតុ​ការណ៍​នេះ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស លោក អេង ហ៊ី បាន​ប្រាប់ថា លោក​បាន​ដឹង​ពី​ករណី​នេះ ប៉ុន្តែ បង្វែរ​សំណួរ​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដែល​មន្រ្តី​អ្នក​នាំពាក្យ​នៅទីនោះ​មិន​អាច​ទាក់ទង​បានទេ។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​កាសែត​កម្ពុជា ហៅកាត់ ស.ស.ស.ក បាន​អត្ថាធិប្បាយ​លើ​ករណី​ឃាត់ខ្លួន​អ្នកសារព័ត៌មានពីរនាក់ នៅក្រុង​ប៉ោយប៉ែត ថា លោក​មិន​ដឹង​ច្បាស់ពីដើមចម​នៃ​អង្គហេតុ​របស់​បញ្ហា​ទេ និងថា ករណី​នេះ​អាច​មកពី​ការយល់ច្រឡំ ឬ​កម្សោយ​ខាងទំនាក់ទំនង។ 

លោក ហ៊ុយ វណ្ណៈ និយាយ​យ៉ាង​ដូច្នេះ ថា «ពិតហើយ អ្នកសារព័ត៌មាន គឺត្រូវការសិទ្ធិចូលយកព័ត៌មាន ប៉ុន្តែក៏ត្រូវសហការជាមួយជំនាញ ដើម្បីទទួលបានសុវត្ថិភាពក្នុងពេលចុះយកព័ត៌មានដែរ។»

កាលពីពេលថ្មីៗនេះ លោក​ភារធារី Michael Newbill នៃ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​​និយាយ​ប្រាប់​អ្នកកាសែត​នៅក្នុងសិក្ខាសាលា​ស្ដីពី​សេរីភាព​សារព័ត៌មាន​មួយ នៅខេត្ត​ព្រះសីហនុ ថា សព្វថ្ងៃ សារព័ត៌មាន​កំពុងតែ​ស្ថិត​នៅ​ក្រោម​ការគំរាម​កំហែង នៅ​ជុំវិញ​ពិភពលោក និង​នៅ​កម្ពុជា​ផងដែរ ដោយ​លោក​បានអះអាង​ថា ពីមុន កម្ពុជា​ធ្លាប់​មាន​សេរីភាព​ព័ត៌មាន ប៉ុន្តែ អាច​នឹង​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ណា​មួយ។

លោក វណ្ណ វិចារ អ្នកសារព័ត៌មាន​វិទ្យុ VOD បាន​និយាយ​ផង​ដែរ​ថា ការឃាត់ខ្លួន​រូប​លោក​ពីសំណាក់​កងរាជអាវុធហត្ថ គឺ​ជា​ការ​បង្ក​ឧបសគ្គ​មួយ​ប៉ះពាល់​ចំពោះ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​និង​សិទ្ធិ​សេរីភាព​​​អ្នក​កាសែត។ 

លោក វិចារ បន្តថា «ក្នុង​​សង្គម​ប្រជាធិបតេយ្យ អ្នក​កាសែត​ជា​ដៃគូ​សមត្ថកិច្ច កុំ​ចាត់​ទុក​ពួកខ្ញុំ​សត្រូវ»៕




អត្ថបទបន្ទាប់


តុលាការ​ដោះលែង​លោក កឹម សុខា ពី​ការឃុំ​ក្នុង​ផ្ទះ, អង្គការ​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យមាន​ការ​ដោះលែងថែមទៀត

សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃ​អាទិត្យ ទី​១០ ខែ​វិច្ឆិកា​នេះ បាន​សម្រេច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​សម្រាប់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោ…

អ្នក​ឧកញ៉ា សៀ ឫទ្ធី៖ បើ​ខ្ចី​លុយធនាគារ យក​ទៅទិញ​ដីទុកចោល កុំ​ឲ្យសោះ!

ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​ការទិញ​លក់​អចលនទ្រព្យ ដីធ្លី ផ្ទះសម្បែង មានសន្ទុះ​កើនឡើង​យ៉ាងខ្លាំង​។ អ្នក​ខ្លះ ទិញ​ដី​ពុះ​ឡូត៍​លក់ អ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ