តាំងពីមានការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ នៅប៉ុន្មានខែកន្លងមកនេះ បានធ្វើឲ្យម្រេចកំពតដែលធ្លាប់តែបាននាំចេញ ទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកនោះ បានកកស្ទះពេញស្តុក មិនអាចនាំចេញបាន។ ប៉ុន្ដែ បើតាមការអះអាង របស់លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត កាលពីថ្ងៃទី ០១ ខែមិថុនា បានឲ្យដឹងថា ដំណើរការនាំចេញម្រេចកំពតអាចនិយាយបានថា កំពុងដំណើរការឡើងវិញជាបណ្ដើរៗហើយ ព្រោះថ្មីៗនេះ មានក្រុមហ៊ុននាំចេញម្រេចធំៗចំនួន ៣ហើយ បានទាក់ទងមកខាងសមាគមម្រេចកំពត និងបានចុះមកមើលម្រេចដែលកំពុងមានក្នុងស្ដុក ហើយខាងសមាគម ក៏បានចុះហត្ថលេខាលើឯកសារបញ្ជាក់ប្រភពដើមទំនិញ ដើម្បីនាំចេញដែរ។ ដូច្នេះ អាចនិយាយបានថា ម្រេចកំពតអាចនឹងចាប់ផ្ដើមនាំចេញឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។
បើតាមការអះអាងរបស់លោក ងួន ឡាយ ចាប់តាំងពីមានដើមឆ្នាំ២០២០ ដែលមានការរីករាលដាលមេរោគកូវីដ-១៩ មក ការនាំចេញម្រេចកំពតត្រូវបានជាប់គាំង ដែលបានតម្រូវឲ្យកសិករជាម្ចាស់ចម្ការ បង្ខំចិត្តហាលម្រេចទុក ដែលបច្ចុប្បន្នម្រេចកំពតប្រមាណក្រោម ១០០ តោន កំពុងស្ដុកទុករងចាំការនាំចេញឡើងវិញ ខណៈដែលកាលពីឆ្នាំទៅ ទិន្នផលម្រេចមានប្រមាណជាង ១២០ តោនឯណោះ។ ការថយចុះ នៃទិន្នផលម្រេចកំពតនៅឆ្នាំនេះ គឺដោយសារតែ ការដាំដុះម្រេចមិនបានកើនឡើងទេ ខណៈដើមម្រេចមួយចំនួនក៏បានងាប់ដែរ ហើយឥឡូវនេះ ដោយសារតែ ម្រេចមិនអាចនាំចេញបាននៅប៉ុន្មានខែមកនេះ បានធ្វើឲ្យម្ចាស់ចម្ការខ្នាតតូចៗជាច្រើន បាត់បង់ចំណូល ដែលអាចនឹងធ្វើឲ្យពួកគេបោះបង់ការដាំបន្ដនៅឆ្នាំក្រោយៗទៀត ព្រោះតែខ្វះទុន។
បើតាមប្រធានសមាគមម្រេចកំពត តាមការប៉ាន់ស្មាន ក្នុងចំណោមកសិករដាំម្រេច ៤៥៧ គ្រួសារ ដែលជាសមាជិករបស់សមាគម អាចនឹងមានប្រមាណ ៤០% នឹងបោះបង់ចោលការដាំម្រេច ដែលភាគច្រើនគឺជាកសិករដាំម្រេចខ្នាតតូច ដោយកសិករខ្នាតតូចទាំងនេះ មានប្រមាណ ៨៥% នៃសមាជិករបស់សមាគមម្រេចកំពតសរុប។
បើទោះបីជាមិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាននៅប៉ុន្មានខែមកនេះ ប៉ុន្ដែ បើតាមសមាគមតម្លៃម្រេចកំពត គឺមាននៅតែពង្រឹងថ្លៃ ១៥ ដុល្លារសម្រាប់ប្រភេទម្រេចខ្មៅមួយគីឡូក្រាមខណៈម្រេចក្រហមលក់តម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និង២៨ដុល្លារសម្រាប់ម្រេចស មួយគីឡូក្រាមដដែល មិនមានការចុះថ្លៃទេ៕