ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី 6 ខែឧសភា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅស្នាក់ការកណ្តាលកាកបាទក្រហម រាជធានីភ្នំពេញ។
ធនាគារ ខេប៊ីប្រាសាក់ សូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមផ្នែកមនុស្សធម៌ ក្នុងការជួយសង្គ្រោះសហគមន៍ លើកកម្ពស់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងតែងជាខ្នងបង្អែកដ៏រឹងមាំក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយគ្រប់ប្រភេទ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក វី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីដ៏សំខាន់របស់កាកបាទក្រហមកម្ពុជា ដែលបានឆ្លើយតបទៅនឹងគ្រាអាសន្ន និងជួយអ្នករងគ្រោះដែលកំពុងត្រូវការជំនួយ។ លោកបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការចូលរួមចំណែកដល់បុព្វហេតុមនុស្សធម៌ដ៏ថ្លៃថ្លានេះ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ ខេប៊ីប្រាសាក់ ក្នុងការធ្វើការរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់ការជួយសង្គ្រោះ ភាពធន់ និងសុខុមាលភាពសង្គមទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនដូចជាការគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19 ការសាងសង់បណ្ណាល័យនិងអគារសិក្សា ការឧបត្ថម្ភទិវាជាតិអំណាន ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល ការផ្តល់អាហារូបករណ៍ដល់កុមារដែលមានជំងឺបេះដូង និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួនជាដើម។ លើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានផ្តល់ជំនួយជូនដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនះបានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះទំនួលទទួលខុសត្រូវសង្គម និងការគាំទ្រសកម្មភាពមនុស្សធម៌។