ឯកឧត្តម កែន សត្ថា បញ្ជាក់ថា «ប្រជាជនខេត្តកែបមានតែ ៤,២ម៉ឺននាក់ ទេសចរមានដល់ទៅ ១,៧លាននាក់ ហើយបើកុំតែកូវីដនេះ ខេត្តកែបអាចទទួលទេសចរចូលដល់២លានហើយឆ្នាំនេះ ព្រោះអីប្រជាជនកំពុងតែផ្តោតការយកចិត្តទុកដាក់ច្រើនមកលើតំបន់ឆ្នេរខ្សាច់កម្សាន្ដនេះឯង»។
ចំពោះការវិនិយោគលើវិស័យទេសចរណ៍វិញ ឯកឧត្តមអភិបាលខេត្តកែប បានមានប្រសាសន៍ថា មិនទាន់មានការវិនិយោគ ពីវិនិយោគិនបរទេសនៅឡើយទេ ពោលគឹ មិនទាន់មានការវិនិយោគជាលក្ខណៈទ្រង់ទ្រាយធំទេ គឺមានតែវិស័យឯកជនតូចៗនៅក្នុងស្រុកប៉ុណ្ណោះ។
ឯកឧត្តមអភិបាលខេត្តកែបបានមានបញ្ជាក់ថា «ចំនុចនេះ យើងក៏ខិតខំប្រឹងប្រែងធ្វើម៉េចផ្សព្វផ្សាយសក្តានុពលរបស់ខេត្ត ក្រោយពីកូវីដទៅគឺថា គណៈរដ្ឋមន្រ្តីបានរៀបចំសន្និសីទនេះ ក៏បានជួយជំរុញផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត ទៅខាងក្រៅ ដើម្បីឲ្យមានការស្វែងយល់ពីសក្តានុពល ហើយអាចទាក់ទាញឲ្យមានការវិនិយោគជាលក្ខណៈអន្តរជាតិ ដែលអាចប្រកួតប្រជែងជាមួយថ្នាក់តំបន់និងពិភពលោកផងដែរ»។
បើតាមលោកអភិបាលខេត្ត សព្វថ្ងៃនេះ
កែប មានកោះចំនួន១៣ ដោយកោះទន្សាយ និងកោះបូរណ៍ ជាកោះដែលពេញនិយមជាងគេ។ កោះទាំង១៣
បូកនិងឆ្នេរសមុទ្រក្នុងខេត្តនេះប្រវែង៣,៥គីឡូម៉ែត្រផងនោះ ក្នុងមួយឆ្នាំខេត្តនេះ
អាចទាក់ទាញទេសចរដល់ទៅ ១,៧លាននាក់ ខណៈដែលចំនួនប្រជាជនសរុបក្នុងខេត្តនេះ មានប្រមាណតែ
៤,២ម៉ឺននាក់ប៉ុណ្ណោះ។
ក្រៅពីសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញទេសចរហើយ ខេត្តកែបក៏មានដំណាំ និងផលិតផលមានសក្តានុពលមួយចំនួនជា ម្រេច ទុរេន សាវម៉ាវ អំបិល ជាដើម ដែលបានជួយឲ្យជីវភាពពលរដ្ឋក្នុងខេត្តមួយនេះ មានភាពប្រសើរឡើងមួយកម្រិតទៀត៕