![ក្រុមហ៊ុនខ្មែរប៊ែវើរីជីសអះអាងថា ផលិតផលភេសជ្ជៈខ្លួនមានចំណែកទីផ្សារធំជាងគេនៅក្នុងស្រុក តែនាំចេញទៅក្រៅស្រុកតិចតួច](https://cdn.cambonomist.com/media/images/03_yI2OZsi.2e16d0ba.fill-960x540.jpg)
លោក អុឹម សុធារិទ្ធ បានមានប្រសាសន៍ថា«យើងបាននាំចេញទីក្រៅប្រទេសតែ៥ប្រទេសទេ ទីផ្សាធំរបស់យើងគឺនៅក្នុងស្រុក យើងនាំចេញគឺតិចមែនទែន ។ដូចខ្ញុំនិយាយមិញចឹង យើងផលិតដើម្បីតែក្នុងស្រុកទេ គឺដើម្បីកាត់បន្ថយការនាំចូលឲ្យនៅទាប»។ ចំពោះទីផ្សារនៅក្រៅស្រុកវិញ ត្រូវបាននាយកផ្នែកទំនាក់ទំនងសាធារណៈរូបនេះបញ្ជាក់ថា «សម្រាប់ពេលនេះ យើងអត់មានគម្រោងទេ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួន ដូចនៅបារាំង កូរ៉េខាងត្បូង នៅចិន នៅម៉ាឡេស៊ី នៅអាមេរិកអី យើងបាននាំទៅដែរ តែនាំទៅតិច យើងគ្រាន់តែនាំទៅឲ្យតែមានតែប៉ុណ្ណោះ ហើយបើនិយាយឲ្យមែនទែន តម្រូវការរបស់យើងនៅទីនេះ គឺផលិតមិនទាន់ផង»។
![ក្រុមហ៊ុនខ្មែរប៊ែវើរីជីសអះអាងថា ផលិតផលភេសជ្ជៈខ្លួនមានចំណែកទីផ្សារធំជាងគេនៅក្នុងស្រុក តែនាំចេញទៅក្រៅស្រុកតិចតួច](https://cdn.cambonomist.com/media/images/88183247_1091466454550626_6506459193799606272_o.original.jpg)
តាមការបញ្ជាក់បន្ថែមពីលោក អុឹម សុធារិទ្ធ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ទោះបីកំពុងតែពង្រីកទីផ្សារក្នុងស្រុកក៏ពិតមែន តែមិនទាន់មានគម្រោងនឹងវិនិយោគបន្ថែមលើផលិតថ្មីទៀតទេ ដោយត្រូវពង្រឹងនិងពង្រីកផលិតផលដែលមានស្រាប់សិន។ តួយ៉ាងការរៀបចំកម្មវិធីសិល្បៈស្រុកយើង ដែលនឹងត្រូវមានការសម្តែងពេញមួយឆ្នាំនៅរោងចក្រផលិតនាពេលនេះ ត្រូវបានលោកចាត់ទុកថា ជាយុទ្ធសាស្ត្រមួយសម្រាប់ទាក់ទាញការគាំទ្របន្ថែមពីសាធារណជនទៅលើផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស។
![ក្រុមហ៊ុនខ្មែរប៊ែវើរីជីសអះអាងថា ផលិតផលភេសជ្ជៈខ្លួនមានចំណែកទីផ្សារធំជាងគេនៅក្នុងស្រុក តែនាំចេញទៅក្រៅស្រុកតិចតួច](https://cdn.cambonomist.com/media/images/88163935_1091466504550621_733183885596164096_o.original.jpg)
ក្រុមហ៊ុនខ្មែរប៊ែវើរីជីស គឹជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលមានលោកជំទាវ ភាព ហៀក ជាប្រធានក្រុមប្រឹក្សាភិបាល ហើយកូនប្រុសពៅរបស់លោកជំទាវ គឺ ឧកញ៉ា លាង ពៅ ជាអ្នកមើលការខុសត្រូវក្រុមហ៊ុនខ្មែរប៊ែវើរីជីសនេះដោយផ្ទាល់។ នៅក្នុងកិច្ចសម្ភាសន៍កន្លងទៅជាមួយអ្នកសារព័ត៌មាន ឧកញ៉ា លាង ពៅ ធ្លាប់បានប្រាប់ថា ក្រុមហ៊ុនជីប ម៉ុង គឺជាក្រុមហ៊ុនឈរនៅលំដាប់ទី៣ ក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននេះបាននឹងកំពុងពង្រីកសក្តានុពលរបស់ខ្លួនស្ទើរគ្រប់វិស័យ និងមានសន្ទុះយ៉ាងលឿន ដែលហាក់ដូចជាចង់គ្រប់គ្រងតំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុនលេខ ១នៅក្នុងស្រុកតែម្តង៕