

លោក ឆាតឆៃ សងអារុណ គឺជាអនុប្រធានក្រុមហ៊ុន ភីធីធី ទទួលបន្ទុកអាជីវកម្មលក់រាយប្រេងឥន្ធនៈ ប្រចាំនៅកម្ពុជា ។
លោកបានឲ្យដឹងថា គម្រោងផ្សារកសិផលខ្មែរ បង្កើតឡើងស្របតាមគោលការណ៍ស្នូលរបស់ក្រុមហ៊ុន គឺ ''Betterment for Cambodian community and lifestyle'' ឬ «ការលើកកម្ពស់សហគមន៍និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា» ។
លោក ឆាតឆៃ សងអារុណ៖ «នេះជាលើកដំបូង ដែលក្រុមហ៊ុនបាននាំផលិតផលខ្មែរ មកចូលក្នុងស្ថាននីយ ភីធីធី ។ យើងនឹងព្យាយាមបង្កើតគម្រោងនេះជាបន្ដបន្ទាប់ ហើយធ្វើឱ្យបានគ្រប់ខេត្ត ព្រោះខេត្តនីមួយៗ របស់កម្ពុជាមានផលិតផលល្អៗផ្សេងៗគ្នា។ យើងនឹងយកផលិតផលទាំងអស់នោះ មកចូលក្នុងស្ថានីយប្រេង ភីធីធី ហើយយើងគឺជាអ្នកជួយផ្ដល់ទីតាំងក្នុងស្ថានីយ ឱ្យប្រជាជនបានដាក់តាំងលក់ផលិតផលរបស់ពួកគាត់»។

ស្ថាននីយប្រេងឥន្ធនៈ ភីធីធី ស្គន់ នៅលើផ្លូវជាតិលេខ៦ អា គឺជាស្ថាននីយដំបូងក្នុងការអនុវត្តគម្រោងផ្សារកសិផលខ្មែរនេះ ។ បើតាមក្រុមហ៊ុន ជាជំហានដំបូង ផ្សារកសិផលខ្មែរ បើកលក់នៅក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យនានា ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្គន់ ដែលដាក់លក់ផលិតផលនៅក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី សម្ដែងសេចក្ដីសប្បាយរីករាយ និងក្ដីរំពឹងវិជ្ជមានចំពោះផ្សារកសិផលខ្មែរ ដែលផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន ភីធីធី ។
កញ្ញា សល់ សូលីដា ពលរដ្ឋនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ៖ «ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ដែលគាត់បានបើកឱកាសឱ្យ បងប្អូនកសិករយើងបានចូលលក់នៅហ្នឹង ចាស! សប្បាយចិត្តខ្លាំង! ព្រោះវាអាចជួយបន្ថែម នូវជីវភាពរបស់ពួកខ្ញុំ មួយកម្រិតទៀតអ៊ីចឹងដែរ។ គាត់បើកឱកាសឱ្យពួកខ្ញុំមកលក់ទីនេះ ដូចជានៅកន្លែងហ្នឹង ក៏មានជនបរទេសឆ្លងកាត់ដែរ អ៊ីចឹងគាត់អាចស្គាល់អំពីផលិតផលរបស់ខ្មែរដែរ»។
អ្នកស្រី គីម សុខឡេន ពលរដ្ឋនៅឃុំគោករវៀង ស្រុកជើងព្រៃ៖ «សង្ឃឹមថា នឹងរីកចម្រើនទៅរហូត [ព្រោះ] ជួយឱ្យផលិតផល[ក្នុងស្រុក]កាន់តែរីកចម្រើន។ ទៅថ្ងៃមុន ខ្ញុំនឹងយកស្ករត្នោត និងផ្លែត្នោត ឱ្យកាន់តែច្រើនយកមកដាក់លក់ទីនេះ»។

លោក រ៉ុង ចន្ទអរុណ ប្រធានផ្នែកស្ថានីយប្រេងឥន្ធនៈ របស់ក្រុមហ៊ុន ភីធីធី បានឱ្យដឹងថា គម្រោងផ្សារកសិផលខ្មែរ នឹងបង្ខិតឲ្យកាន់តែជិតគ្នា រវាងតម្រូវការនិងការផ្គត់ផ្គង់ ដោយកសិករមានផលិតផល ហើយស្ថាននីយប្រេងឥន្ធនៈ ភីធីធី ប្រៀបបីដូចជាទីផ្សាររបស់ពួកគាត់ ។
លោក រ៉ុង ចន្ទអរុណ៖ «គម្រោងនេះ គណៈគ្រប់គ្រង នៃក្រុមហ៊ុន ptt គាត់បានមើលឃើញថា វាជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋ ដែលពួកគាត់នៅជុំវិញតំបន់ ស្ថាននីយប្រេង ptt ផ្ទាល់តែម្ដង។ ជាឱកាសរបស់គាត់ ដើម្បីយកផលិតផល ដែលខ្លួនគាត់មាន ស្វែករកអតិថិជន អ៊ីចឹងសួរថា ស្វែងរកកន្លែងណា? គឺស្វែងរក នៅស្ថាននីយប្រេង ptt ដែលមានអតិជនស្រាប់តែម្ដង ព្រោះស្ថាននីយ ptt មានការទទួលស្គាល់ពីអតិថិជនជាទូទៅ។ អ៊ីចឹង គឺគាត់មកកន្លែងនេះ គឺគាត់អាចលក់ដូរផលិតផលរបស់គាត់បាន ធ្វើឱ្យកម្រិតជីវភាពរបស់គាត់ មានការរីកចម្រើន ល្អប្រសើរជាងមុន »។

បើយោងតាមក្រុមហ៊ុន នៅទូទាំងប្រទេសកម្ពុជា មានស្ថាននីយប្រេងឥន្ធនៈ ភីធីធី ចំនួនជាង ១០០កន្លែង ។ ក្រៅពីការផ្គង់ផ្គង់ប្រេងឥន្ធនៈ ស្ថាននីយភីធីធី ក៏មានម៉ាត ហាងកាហ្វេ ស្តង់លក់អាហារផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ និងព្រមទាំងបន្ទប់ទឹកស្អាត មានអនាម័យ ផងដែរ ។
តាមគម្រោងផ្សារកសិផលខ្មែរ ក្រុមហ៊ុន ភីធីធី រំពឹងថា នឹងអាចជួយដល់កសិករខ្មែរឲ្យមានជីវភាពប្រសើរឡើងមួយកម្រិតថែមទៀត ។

លោក ឆាតឆៃ សងអារុណ អនុប្រធានក្រុមហ៊ុន ភីធីធី ប្រចាំកម្ពុជា៖ «យើងធ្វើគ្រប់យ៉ាង ដើម្បីប្រជាជនកម្ពុជា មានសេចក្ដីសុខ ហើយផ្សារកសិផលខ្មែរ ជាវិធីដែលអាចជួយគ្នា ធ្វើឱ្យអ្នកទិញ អ្នកលក់ មានសេចក្ដីសុខ ។ យើងអញ្ជើញបងប្អូនខ្មែរទាំងអស់ ឆៀងចូលទៅទិញផលិតផលរបស់ខ្មែរ ក្នុងស្ថានីយប្រេង PTT ដែលដាក់លក់មុនដំបូងគេ គឺនៅស្ថាននីយ PTT ស្គន់ ផ្លូវជាតិលេខ ៦អា » ៕