កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធរដូវក្តៅ Ulchi Freedom Shield កាលពីថ្ងៃចន្ទ ដែលរៀបចំឡើងដើម្បីបង្កើនការឆ្លើយតបរួមគ្នាចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងបានបរិហារសមយុទ្ធជាយូរមកហើយ និងថាសមយុទ្ធនេះជាការហាត់សមសម្រាប់សង្គ្រាម។ Ulchi Freedom Shield នេះនឹងក្លាយជាសមយុទ្ធធំបំផុតប្រចាំឆ្នាំ ដោយមានការចូលរួមពីកងទ័ពប្រមាណ១ម៉ឺននាក់ ផ្តោតលើការទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិត ភេរវកម្ម និងដ្រូន និងការផ្សព្វផ្សាយព័ត៌មានមិនពិតដោយកូរ៉េខាងជើង។
ជាមួយគ្នា ទីក្រុងព្យុងយ៉ាងក៏បានចាត់ទុកជំនួបនៃមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅផ្ទះលំហែកាយ Camp David «ជាការបង្កហេតុឱ្យមានសង្គ្រាមនុយក្លេអ៊ែរ»ដែរ។ នេះបើតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង ដោយបន្ថែមថា «លទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េកំពុងក្លាយជាពិត»។ នៅក្នុងស្ថានការបែបនេះ យោធាកូរ៉េខាងជើងត្រូវតែចាត់វិធានការមុន សម្រាប់ការវាយលុកនិងការវាយប្រហារផ្សេងទៀត ដោយមិនបញ្ជាក់លម្អិត។
គួរជម្រាបថា កិច្ចប្រជុំនៅ Camp David របស់មេដឹកនាំទាំងបី មានគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ នៅពេលដែលពួកគេស្វែងរកការរួបរួមគ្នាប្រឈមមុខនឹងប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទន្ទឹមគ្នានេះ សមាជិកសភាកូរ៉េខាងត្បូងខ្លះគិតទុកជាមុនថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ឬធ្វើសកម្មភាពយោធាផ្សេងទៀត ដើម្បីប្រឆាំងនឹងសមយុទ្ធរបស់សម្ព័ន្ធមិត្ត និងកិច្ចប្រជុំកំពូលរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុននេះផងដែរ។
ដោយឡែក តាមការចុះផ្សាយដោយ KCNA មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន កាលពីថ្ងៃចន្ទបានទៅត្រួតពិនិត្យកងទ័ពជើងទឹករបស់ខ្លួន និងដឹកនាំការបាញ់សាកល្បងមីស៊ីលបណ្តែតដោយផ្ទាល់។ បើតាមការបញ្ជាក់ ការបាញ់បង្ហោះនេះមានគោលបំណងផ្ទៀងផ្ទាត់ «មុខងារប្រយុទ្ធរបស់នាវាចម្បាំង និងលក្ខណៈពិសេសនៃប្រព័ន្ធមីស៊ីលរបស់វា» និងកែលម្អសមត្ថភាពរបស់នាវិកក្នុងការអនុវត្តបេសកកម្មវាយប្រហារក្នុងសង្គ្រាមជាក់ស្តែង»។ ទោះជាយ៉ាងណា ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានចាប់សញ្ញានៃការបាញ់បង្ហោះនោះមែន ប៉ុន្តែការអះអាងរបស់ KCNA គឺ«បំផ្លើសខុសពីការពិត» ប៉ុន្តែមិនបានបញ្ជាក់លម្អិតការពិតយ៉ាងណាទេ៕