តាំងតែពីដើមមកលោក ពូទីន បានចាត់ទុកសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា ប្រតិបត្តិការយោធាពិសេស និងមិនមែនជាសង្គ្រាមទេ។ ប៉ុន្តែអ្នកនយោបាយលោកខាងលិច និងអ្នកឃ្លាំមើលមួយចំនួនបានប៉ាន់ស្មានថា លោកពូទីន អាចនឹងរៀបចំសម្រាប់ការប្រកាសដ៏សំខាន់មួយនៅថ្ងៃចន្ទទី០៩ឧសភាសប្តាហ៍ក្រោយ ជាមួយនឹងសេណារីយ៉ូជាច្រើនដែលអាចធ្វើទៅបាន ក្នុងនោះអាចមានការប្រកាសធ្វើសង្គ្រាមជាផ្លូវការតែម្តង។
នៅពេលត្រូវបានគេចោទអំពីការរំពឹងទុកថា លោកពូទីននឹងប្រកាសសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននៅថ្ងៃទី០៩ខែឧសភា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ប៉េសស្កូវ(Dmitry Peskov) បានច្រានចោលការលើកឡើងនេះ ដោយបាននិយាយថា៖ វាគ្មានផ្លូវនោះទេ វាជារឿងមិនសមហេតុសមផល។
ថ្ងៃទី៩ ខែឧសភា ត្រូវបានគេស្គាល់ថា ជាថ្ងៃទិវាជ័យជម្នះសម្រាប់រុស្ស៊ី ដែលកាលនោះនៅជាសហភាពសូវៀត។ កងទ័ពក្រហមរបស់សូវៀត បានយកឈ្នះសង្គ្រាមទប់ទល់នឹងទ័ពណាហ្ស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥ អំឡុងសង្គ្រាមលោកលើកទីពីរ។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលក្រុងម៉ូស្គូតែងតែអបអរទិវានេះ ដោយរៀបចំក្បួនព្យុហយាត្រាកងទ័ព បង្ហាញសាច់ដុំយោធារបស់ខ្លួន ហើយលោក ពូទីន តែងប្រើពេលនេះថ្លែងសុន្ទរកថា វាយប្រហារលោកខាងលិចផងដែរ។
ទន្ទឹមនឹងនេះ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន រុស្ស៊ីកំពុងត្រៀមរៀបចំការដើរដង្ហែរក្បួនកងទ័ពដ៏ធំ នៅទីក្រុងម៉ារីយូប៉ូលបន្ថែមទៀត ដើម្បីបង្អួតប្រជាជនរុស្ស៊ី នៅថ្ងៃទី៩ខែឧសភា ក្នុងឱកាសបុណ្យខួបជ័យជំនះរបស់រុស្ស៊ី។ តាមទីភ្នាក់ងារស៊ើបការសម្ងាត់ អ៊ុយក្រែន អនុប្រធានការិយាល័យប្រធានាធិបតីរុស្ស៊ីបានធ្វើដំណើរទៅទីក្រុងកំពង់ផែ ម៉ារីយូប៉ូល កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីត្រៀមរៀបចំ ការដើរក្បួនព្យុហយាត្រាកងទ័ពរុស្ស៊ី នៅម៉ារីយូប៉ូល នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ៕