យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មរបស់គ្រឹះស្ថានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤នេះ មានប្រមាណ៦,២ពាន់លានដុល្លារ ធ្លាក់ចុះជិត៤៧% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះឥណទានរបស់អតិថិជនបានថយចុះជាង៤៨% មកនៅត្រឹមប្រមាណ៥,២ពាន់លានដុល្លារ ជាមួយអ្នកប្រើប្រាស់ប្រមាណ១,៦លានគណនី។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះចំនួនឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុជាង៤៨% នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ គឺដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ កាលពីចុងឆ្នាំ២០២៣ កន្លងទៅនេះ។ ដ្បិតថា កាលពីឆមាសទី១ ឆ្នាំ២០២៣ គ្រាន់តែទិន្ន័យឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់តែឯង បានក្តោបក្តាប់ជាង៤០%ឯណោះ។ ដូច្នេះបើមិនរាប់បញ្ចូលទិន្ន័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នាពេលនោះទេ ចំនួនឥណទានក្នុងវិស័យនេះនៅឆមាសទី១នេះ គឺមិនមានការធ្លាក់ចុះនោះទេ។
អ្នកជំនាញរូបនេះ បានវាយតម្លៃថា ស្ថានភាពជារួមនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មិនមានកំណើនប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ នៅក្នុងឆមាសទី១ឆ្នាំនេះ ក៏ដូចជានៅពេញមួយឆ្នាំ២០២៤នេះ ដ្បិតថា សេដ្ឋកិច្ចកម្ពុជា នៅតែបន្តប្រឈមនឹងបញ្ហាសកលមួយចំនួនដែលបានអូសបន្លាយ និងកើតមានជាបន្តបន្ទាប់ ដែលធ្វើឱ្យកម្រិតចំណូលរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ។ យ៉ាងណាក៏ដោយ លោក ជឿជាក់ថា វិស័យយមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សាបាននូវស្ថិរភាព និងភាពរឹងមាំរបស់ខ្លួន។
សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំនេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលបានប្រាក់បញ្ញើប្រមាណ២,២ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ២លានគណនី។ ជាមួយគ្នានេះ ឥណទានមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងរយៈពេលដូចគ្នានេះ បានកើនឡើងខ្ពស់ដល់ប្រមាណ៨,៣% ផងដែរ៕