ក្រោមផែនការនេះ ក្រុមហ៊ុននឹងបញ្ចប់ការផ្លាស់ប្ដូរផលិតកម្មស្មាតហ្វូន នៅក្នុងឆ្នាំនេះ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនកំពុងរៀបចំដោះស្រាយចំពោះកម្មករដែលរងការប៉ះពាល់ដោយសារតែបញ្ឈប់ផលិតកម្មក្នុងរោងចក្ររបស់ខ្លួន។
ប្រធានក្រុមហ៊ុន LG ប្រចាំវៀតណាម លោក ជុន ហៃ ជីន បានបញ្ជាក់ថា រោងចក្រផលិតស្មាតហ្វូននៅវៀតណាម គឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធផលិតផលស្នូលរបស់ខ្លួនឡើងវិញ។ លោកបន្ថែមថា ការបិទផលិតកម្មស្មាតហ្វូននេះ នឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតកម្មរបស់ក្រុមហ៊ុន ក៏ដូចជាសកម្មភាពអាជីវកម្ម ឬ បុគ្គលិកដែលបម្រើការនៅក្នុងរោងចក្រនៃទីក្រុងហៃផុងប្រទេសវៀតណាមនោះទេ។
LG បានបង្កើតរោងចក្រផលិតនៅទីក្រុងហៃផុងប្រទេសវៀតណាមតាំងពីឆ្នាំ២០១៥ ដោយរោងចក្ររបស់ក្រុមហ៊ុននេះ បានផលិតសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ទូរស័ព្ទស្មាតហ្វូន និងគ្រឿងបង្គុំយានយន្ដជាដើម។
នៅក្នុងរោងចក្រ LG នៅទីក្រុងហៃផុង ប្រទេសវៀតណាម មានបុគ្គលិកបម្រើការសរុបជាង១ម៉ឺន៦ពាន់នាក់ ហើយក្រុមហ៊ុនក៏បានបង្ហើបពីផែនការនឹងពង្រីកការវិនិយោគបន្ថែមនៅក្នុងរោងចក្រនេះ នៅថ្ងៃខាងមុខផងដែរ៕