បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ ធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ជាមួយលោកជំទាវបណ្ឌិត ហាក់ ចាហាន់មូន សហស្ថានិកនៃសហព័ន្ធសន្តិភាពសាកល(UPF) និងឯកឧត្តម បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្ដាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្ដីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានគូសបញ្ជាក់ទៀតថា ក្រៅពីជំនួបរវាងសម្ដេច ហ៊ុន សែន និង អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បាន គី-មូន នៅអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្ដេច ហ៊ុន សែន នឹងមានជំនួបជាមួយឯកឧត្តម មូន ជេ អ៊ីន ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។ ជាមួយគ្នានោះ នៅថ្ងៃទី១២ ខែកុម្ភៈ កិច្ចប្រជុំកំពូលនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជាន់របស់សម្ដេច ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ដែលបានរួមចំណែកដល់ដល់ស្ថិរភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីទាំងមូល។
សូមបញ្ជាក់ថា ដំណើរបំពេញទស្សនៈកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សាធារណៈរដ្ឋកូរ៉េ នឹងចាប់ផ្ដើមនៅថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ដោយមានការអមដំណើរដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ នៃរាជរដ្ឋាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មួយចំនួនទៀត៕