ជាក់ស្ដែង ថ្មីៗចុងក្រោយបំផុតនេះ ក្រុមហ៊ុន លី ហួរ គ្រុប របស់លោកឧកញ៉ា លី ហួរ បានបោះទុនវិនិយោគ ៧លានដុល្លារអាមេរិកក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដោយបើកជាក្រុមហ៊ុនបម្រើសេវាកម្មធានារ៉ាប់រងទូទៅថ្មីមួយទៀត បន្ថែមទៅលើអាជីវកម្មចំនួន ៧ក្រុមហ៊ុន ដែលកំពុងតែប្រតិបត្តិការយ៉ាងមមាញឹកនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ បានសម្ពោធបើកនៅថ្ងៃទី២៩ មករា ២០១៨ ដោយមានការចូលរួមពីវិនិយោគិននិងពាណិជ្ជករធំៗល្បីៗជាច្រើន ធ្វើជាសាក្សីពិធីប្រគល់អាជ្ញាប័ណ្ណពីឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ធានារ៉ាប់រង លី ហួរ បានលើកឡើងថា ដោយមើលឃើញពីការអភិវឌ្ឍប្រទេសជាតិមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ បានជំរុញឲ្យលោកឧកញ៉ាសម្រេចចិត្តបើកក្រុមហ៊ុនបន្ថែមជាបន្តបន្ទាប់។ ហើយក្រុមហ៊ុនសេវាកម្មធានារ៉ាប់រង លី ហួរ នេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី៨ នៃក្រុមហ៊ុន លី ហួរ គ្រុប។
លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា ការរីកចម្រើននូវអាជីវកម្មរបស់ឧកញ៉ា លី ហួរ ទាំងអស់គឺបានមកពីភាពស្មោះត្រង់ តម្លាភាព និងការចាត់ទុកអតិថិជនជាដៃគូពាណិជ្ជកម្មល្អរយៈពេលវែង។
ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ នឹងផ្តល់សេវាកម្មធានារ៉ាប់រងទូទៅស្របតាមច្បាប់អនុញ្ញាត មានធានារ៉ាប់រងយានយន្ត វិស្វកម្ម អត្ថប្រយោជន៍កម្មករនិយោជិត ទ្រព្យសម្បត្តិ ធានារ៉ាប់រងហិរញ្ញវត្ថុ និងដឹកជញ្ជូន។
ថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុនធានារ៉ាប់រង លី ហួរ នេះដែរ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងថា ឯកឧត្ដមសង្ឃឹមយ៉ាងមុតមំាថា ក្រុមហ៊ុននឹងជួយជំរុញល្បឿននៃការអភិវឌ្ឍសេវាកម្មធានារ៉ាប់រងទូទៅនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមគាំទ្រក្រុមហ៊ុន លី ហួរ ដែលតែងតែធ្វើការបណ្តាក់ទុនរកស៊ីនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
បើតាមឯកឧត្តម ងី តាយី បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១១ ធានារ៉ាប់រងអាយុជីវិត ៧ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៨ ជើងសារធានារ៉ាប់រង ១២ ភ្នាក់ងារធានារ៉ាប់រងចំនួន ១៦ ក្រុមហ៊ុនធានារ៉ាប់រងបន្ត ១ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ២ សរុបបុព្វលាភធានារ៉ាប់រងទទួលបាននៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ប្រមាណ ១១២លានដុល្លារអាមេរិក ក្នុងនោះវិស័យធានារ៉ាប់រងទូទៅចំនួនជាង ៥៤លានដុល្លារ អាយុជីវិតជាង ៤៧លានដុល្លារ ធានារ៉ាប់រងខ្នាតតូចជាង ៧លានដុល្លារ៕