ប្រធានាធិបតីបារាំងទៅជួបជាមួយលោក បៃដិន ជាលើកដំបូងនៅវ៉ាស៊ីនតោន

លោកម៉ាក្រុងស្កាត់ទៅជួបលោកចូ បៃឌិនដល់សេតវិមាន ចំពេលអឺរ៉ុប និងអាមេរិកខ្វែងគំនិតគ្នារឿងពាណិជ្ជកម្ម


ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បានស្កាត់ទៅជួបលោកចូបៃឌិន ប្រធានាធិបតីអាមេរិកដល់សេតវិមាននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ទី ២៩ វិច្ឆិកា ហើយនេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងហើយរបស់លោកម៉ាក្រុងទៅកាន់អាមេរិក ក្រោយពីខកខានអស់ពេលជាច្រើនឆ្នាំដោយសារការរីករាលដាលជំងឺកូវីដ១៩ និងដោយសារភាពតានតឹងផ្នែកនយោបាយ និងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីសកាលពីឆ្នាំមុន។
លោកម៉ាក្រុងស្កាត់ទៅជួបលោកចូ បៃឌិនដល់សេតវិមាន ចំពេលអឺរ៉ុប និងអាមេរិកខ្វែងគំនិតគ្នារឿងពាណិជ្ជកម្ម

ដំណើរទស្សនកិច្ចរបស់មេដឹកនាំបារាំង ទៅកាន់សហរដ្ឋអាមេរិកនេះទៀតសោត ក៏ធ្វើឡើងនៅចំពេលដែលសហភាពអឺរ៉ុប និងអាមេរិកកំពុងមានការខ្វែងគំនិតគ្នាមួយចំនួនជុំវិញនឹងបញ្ហាពាណិជ្ជកម្ម ពិសេសគឺច្បាប់កាត់បន្ថយអតិផរណា ដែលអាមេរិកបានប្រកាសឡើងនាពេលថ្មីៗនេះតែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

មែនទែនទៅ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ិនតោន និងប៉ារីស បានស្គាល់នូវបានប្រេះឆាមិនធ្លាប់មាននោះទេនាពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីប្រធានាធិបតីបារាំងរូបនេះ បានហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសហរដ្ឋអាមេរិកឲ្យវិលមកប្រទេសបារាំងវិញកាលឆ្នាំមុន ក្រោយពេលដែលអូស្ត្រាលីបានលុបចោលកិច្ចព្រៀមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលឥន្ធនៈជាមួយបារាំង ដោយបែរទៅទិញនាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកជំនួសវិញ។

ប៉ុន្តែអ្វីៗហាក់ប្រែប្រួលមកសភាពធម្មតាវិញក្រោយពីរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ដោយលោក ម៉ាក្រុន បានក្លាយជាសម្ព័ន្ធមិត្តអឺរ៉ុប ដែលឈានមុខគេបំផុតក្នុងចំណោមសម្ព័ន្ធផ្សេងទៀតរបស់លោក បៃដិន ដើម្បីការឆ្លើយតបទៅនឹងការលុកលុយរបស់ទីក្រុងម៉ស្គូទៅលើអ៊ុយក្រែន។

យ៉ាងណាមិញ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសប្តាហ៍នេះរបស់លោកម៉ាក្រុងនៅទីក្រុងវ៉ាស៊ិនតោននោះ នឹងរួមបញ្ចូលការពិភាក្សានៅការិយាប្រធានាធិបតីអាមេរិក (Oval Office) ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈភាគីទាំងពីរក៏នឹងធ្វើការជាមួយគ្នាដើម្បី លើកម្ពស់សេដ្ឋកិច្ច និងគាំទ្រផ្នែជំនួយយោធាដល់ទីក្រុងកៀវផងដែរ។

នៅថ្ងៃបន្ទាប់នោះ លោក ម៉ាក្រុង និងលោក បៃដិន នឹងពិភាក្សាគ្នានៅសេតវិមាន ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗក្ដៅៗជាច្រើន រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការរះឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់សាហេល (Sahel) នៅអាហ្វ្រិកជាដើម។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាមេរិកនិងបារាំង។

ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងចំពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉ារីសកំពុងតាមដានស្ថានការណ៍ប្រទេសចិន បន្ទាប់ពីការតវ៉ាបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុននៅក្នុងទីក្រុងធំៗមួយចំនួន និងទីក្រុងហុងកុងជុំវិញការប្រឆាំងនឹងយុទ្ធសាស្ត្រ «សូន្យកូវីដ» របស់ទីក្រុងប៉េកាំងដ៏តឹងតែងនោះ។

ទោះបីជាយ៉ាងនេះក្តី ភាពតានតឹងគឺនៅតែមានរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ គឺគោលនយោបាយឧស្សាហកម្មបៃតងរបស់សហរដ្ឋអាមេរិក ឬច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលនឹងត្រូវចំណាយរាប់ពាន់លានដុល្លារទៅក្នុងបច្ចេកវិទ្យាដែលធន់នឹងអាកាសធាតុ ដោយត្រូវប្រើប្រាស់ផលិតផលដែលផលិតនៅអាមេរិកប៉ុណ្ណោះ។

ការណ៍នេះហើយបានធ្វើឱ្យប្រជាជនអ៊ឺរ៉ុបបារម្ភយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិកដែលគិតតែពីប្រយោជ៍ខ្លួនឯងដោយអយុត្តិធម៌ ខណៈប្រទេសនៅអឺរ៉ុបកំពុងដុតដៃដុតជើងទប់ទល់នឹងផលវិបាកសេដ្ឋកិច្ចដោយសារសង្គ្រាមនៅអ៊ុយក្រែន និងកំពុងស្វែងរកវិធីសាស្ត្របញ្ឈប់ការពឹងផ្អែកប្រេងរបស់រុស្ស៊ី។

យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង Bruno Le Maire បានប្រាប់វិទ្យុបារាំង France 3 ថ្មៗនេះថា៖ «ចិនគិតតែផលិតផលផ្ទាល់ខ្លួន ហើយអាមេរិកកក៏កំពុងគាំទ្រផលិតផលខ្លួនគេដែរ ដូច្នេះហើយវាប្រហែលជាដល់ពេលសម្រាប់អឺរ៉ុបក្នុងការយកចិត្តទុកដាក់ផលិតផលខ្លួនឯងដែរហើយ»។

សហភាពអឺរ៉ុប បារម្ភថា ច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិក អាចនឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន ក៏ដូចជាផលិតផលរបស់អឺរ៉ុប ដ្បិតអាមេរិកមានចំណាយថវិកាជាច្រើនក្នុងការឧបត្ថម្ភធនដល់ក្រុមហ៊ុនក្នុងស្រុក សំដៅជំរុញការផលិត និងប្រើប្រាស់ផលិតផលនៅក្នុងសហរដ្ឋអាមេរិក ពិសេសពាក់ព័ន្ធនឹងឧស្សាហកម្មបៃតង៕




អត្ថបទបន្ទាប់


អ្នកជំនាញពន្យល់អ្វីខ្លះ ខណៈទុនបម្រុងអន្តរជាតិកម្ពុជាធ្លាក់ចុះជាង១០% នៅត្រីមាសទី៣ ឆ្នាំ២០២២នេះ?

ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវា…

មន្ទីរបញ្ចកោណអាមេរិកថា ចិនទំនងជាបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដល់ ១៥០០ គ្រាប់ត្រឹមឆ្នាំ២០៣៥

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ ទី ២៩ វិច្ឆិកា បានឱ្យដឹងថា ប្រទេសចិនទំនងជានឹងបង្កើនការស្តុកទុកក្បាលគ្រាប់នុយក្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ