ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់អះអាងប្រាប់ ខេមបូណូមីស ថា ឯកឧត្តមមានការជឿជាក់ថា កម្ពុជានឹងអាចសម្រេចបានតាមផែនការ ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបានដល់ ៧លាន២សែនតោននៅត្រឹមដំណាច់ឆ្នាំ២០២១។
ផលិតផលសក្តានុពលដែល ឯកឧត្តម រំពឹងថានឹងរួមចំណែកខ្ពស់ក្នុងការជួយឲ្យការនាំចេញរបស់កម្ពុជាឈានទៅសម្រេចបានតាមផែនការរួមមាន ស្រូវ គ្រាប់ស្វាយចន្ទី ពោតក្រហម និងផ្លែស្វាយស្រស់ជាដើម ពិសេសផ្លែស្វាយស្រស់ថ្មីៗនេះដែរ ដែលទើបទទួលបានការអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារចិន។
បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា នៅជិត៥ខែកន្លងមកនេះ កម្ពុជានាំចេញផលិតផលកសិកម្មសម្រេចបានជាង៤លានតោន កើនឡើងជាង១លានតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមផលិតផលនាំចេញទាំង១២មុខ ស្រូវនាំចេញបានក្នុងបរិមាណជាង១លាន៦សែនតោន កើនឡើងជាង៧៤ម៉ឺនតោន, គ្រាប់ស្វាយចន្ទីបានជិត១លានតោនកើនឡើងជាង៦១ម៉ឺនតោន ខណៈពោតក្រហមបានជាង១៣ម៉ឺនតោនកើនឡើងជិត១០ម៉ឺនតោន និងមានផលិតជាច្រើនទៀត៕