សារព័ត៌មាន Reuters បានស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីដែលបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការនៅចុងសប្ដាហ៍មុននេះបានឲ្យដឹងថា ការចំណាយឧបត្ថម្ភធនសម្រាប់តម្លៃប្រេងឥន្ធនៈ និងប្រេងឆាសម្រាប់ចម្អិនអាហារ ត្រូវបានគ្រោងបង្កើនជាបន្ដបន្ទាប់ ដោយសារតែតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិកំពុងមានការកើនឡើងកាន់តែខ្លាំងដែរ។
លោក តេងគូ ហ្សាវរ៉ូល (Tengku Zafrul) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបាននិយាយថា «រដ្ឋាភិបាលបានត្រៀមលក្ខណៈដើម្បីប្រឈមនឹងការចំណាយឧបត្ថម្ភធនខ្ពស់ជាងមុនសម្រាប់ការពារសុខមាលភាពប្រជាជន និងលទ្ធភាពអាជីវកម្ម ពិសេសអាជីវករខ្នាតតូចៗ»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបានគូសបញ្ជាក់ទៀតថា នៅឆ្នាំ២០១៩ ម៉ាឡេស៊ីបានចំណាយទៅក្នុងការឧបត្ថម្ភធននេះប្រមាណជាង ១ពាន់៥រយលានដុល្លារ ហើយនៅឆ្នាំ២០២០ ចំណាយតែជាង៥០០លានដុល្លារអាមេរិកប៉ុណ្ណោះ។
កាលពីខែមុននេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានប្រកាសបន្ថែមកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចប្រមាណជិត១០ពាន់លានដុល្លារអាមេរិកទៀត នៅមុនពេលនៃការបិទខ្ទប់ប្រទេសចុងក្រោយនេះ។
យ៉ាងណាក៏ដោយចុះ ករណីឆ្លងកូវីដ-១៩ និងករណីស្លាប់ប្រចាំថ្ងៃ នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេកត់សម្គាល់ឃើញថាបានហក់ឡើងខ្លាំងនៅក្នុងខែឧសភាកន្លងទៅនេះ ខណៈដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខឆ្លងថ្មីមានការធ្លាក់ចុះខ្លះហើយ។
ជាក់ស្ដែង តួលេខនៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ម៉ាឡេស៊ីមានអ្នកឆ្លងថ្មីជាង៥ ពាន់៣រយនាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ បានហក់ឡើងដល់ជាង៦៥ម៉ឺននាក់ហើយ និងអ្នកស្លាប់វិញមានដល់ទៅជិត៤ពាន់នាក់៕