ជាក់ស្ដែង ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ម៉ាឡេស៊ីបាននិយាយថា ប្រទេសម៉ាឡេស៊ីសង្ឃឹមថា នឹងបើកព្រំដែនឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិនៅដើមខែធ្នូខាងមុខនេះហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia។
ក្រោយពីករណីឆ្លងប្រចាំថ្ងៃ មានការធ្លាក់ចុះវិញបន្ដិច និងមើលឃើញប្រទេសអាស៊ានមួយចំនួនចាប់ផ្ដើមត្រៀមបើកប្រទេសទទួលទេសចរអន្តរជាតិបានចាក់វ៉ាក់សាំងរួច ប្រទេសម៉ាឡេស៊ី ក៏ចាប់ផ្ដើមសម្រួលដកការរឹតត្បិតក្នុងប្រទេសចេញជាបណ្ដើរៗដូចជា បើកដំណើរឱ្យមានការធ្វើដំណើរក្នុងស្រុកឡើងវិញ ហើយថ្មីៗនេះ ម៉ាឡេស៊ីក៏បានបើកសាងល្បង កោះ ឡាងកាវី (Langkawi) ដែលជាកោះទេសចរណ៍មានសក្ដានុពលមួយក្នុងប្រទេសសម្រាប់ទទួលទេសចរក្នុងស្រុកឡើងវិញ។
សូមជម្រាបថា ក្នុងរយៈពេលតែ ១ខែ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១៦ កញ្ញា ដល់ ១៥ តុលា ការបើកកោះឡាងកាវី បានទទួលទេសចរក្នុងស្រុកប្រមាណ ១០ម៉ឺននាក់។ ដោយមើលឃើញពី ផ្លែផ្កាក្នុងការបើកកោះទទួលទេសចរក្នុងស្រុកនេះ រាជរដ្ឋាភិបាលម៉ាឡេស៊ីក៏គ្រោងនឹងចាប់ផ្ដើមបើកកោះនេះ ដើម្បីសាកល្បងទទួលភ្ញៀវអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី ១៦ ខែវិច្ឆិកាតទៅ មុននឹងឈានទៅដល់ការបើកប្រទេសទាំងមូលឡើងវិញនៅដើមខែធ្នូខាងមុខនេះ។សូមជម្រាបថា រដ្ឋាភិបាលម៉ាឡេស៊ីក៏បានរៀបចំគោលការណ៍សុខាភិបាលដ៏តឹងរឹង ចំពោះអ្នកដំណើរមកលេងកោះទេសចរណ៍នេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងនោះ អ្នកដំណើរអន្តរជាតិនឹងត្រូវធ្វើតេស្ត PCR ក្នុងរយៈពេល ៧២ ម៉ោង មុនពេលចេញដំណើរទៅកាន់កោះឡាងកាវី ហើយភ្ញៀវទេសចរអន្តរជាតិនឹងប្រើប្រាស់ប្រតិបត្តិករទេសចរណ៍ដែលបានចុះបញ្ជីជាមួយក្រសួងទេសចរណ៍ដើម្បីរៀបចំដំណើរកម្សាន្ត ហើយភ្ញៀវទេសចរអន្តរជាតិក៏ត្រូវមានធានារ៉ាប់រងយ៉ាងហោចណាស់តម្លៃ ៨ ម៉ឺនដុល្លារអាមេរិកផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី ២៧តុលា ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីចំនួនជាង ៦ពាន់ករណី ខណៈអ្នកស្លាប់ថ្មីមានចំនួនជិត ១០០នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបកើនឡើងជាង ២លាន ៥សែននាក់ និងមានអ្នកស្លាប់ជាង ២ម៉ឺន ៨ពាន់នាក់នៅទូទាំងប្រទេស៕