ទោះបីជាសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងស្ថានភាពផុយស្រួយ ខណៈដែលសេដ្ឋកិច្ចចិនក៏មិនទាន់មើលឃើញពន្លឺនៃការរីកចម្រើនច្បាស់លាស់ ហើយប្រទេសជាច្រើនព្រួយបារម្ភអំពីការកើនឡើងនៃអតិផរណាយ៉ាងណាក្តី ប៉ុន្តែម៉ាឡេស៊ី ហាក់ដូចជាជឿជាក់ណាស់ថា ខ្លួនកំពុងតែធ្វើត្រូវ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងនាពេលអនាគត។
សារព័ត៌មាន Nikkei បានរាយការណ៍ថា បន្ទាប់ពីផ្សារទំនើបថ្មីដ៏ធំមួយបានបើកដំណើរការនៅក្នុងស្ថានភាពសេដ្ឋកិច្ចដូចសព្វថ្ងៃនេះរួចមក តាមគម្រោងផ្សារទំនើបដ៏ធំមួយទៀតនៅក្បែរគ្នានេះ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ២០២៤។ អគារផ្សារទំនើប the Exchange TRX ដែលសាងសង់នៅលើផ្ទៃដីទំហំ១២ហិចតាមានអគារកម្ពស់៤ជាន់ គឺកំពុងតែបើកដំណើរការហាងលក់រាយចំនួនជាង៤០០កន្លែង។ ផ្សារទំនើបនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឡើងវិញ ដើម្បីបង្កើតតំបន់ហិរញ្ញវត្ថុអន្តរជាតិនៅកណ្តាលទីក្រុងកូឡាឡាំពួរ។ ការអភិវឌ្ឍ និងប្រតិបត្តិការនៃផ្សារទំនើបនេះត្រូវបានគ្រប់គ្រងដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអូស្ត្រាលី Lendlease និងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលម៉ាឡេស៊ី។
លោក មីត វៀលសុន ( Mitch Wilson)នាយកគម្រោង the Exchange TRX និងជាប្រធានផ្នែកលក់រាយរបស់ Lendlease Malaysia បាននិយាយថា នៅពេលនេះផ្សារទំនើបនេះបានចុះកុងត្រាជាមួយនឹងអាជីវករលក់រាយដល់ទៅ៩៨% ហើយនៅមុនបុណ្យណូអែលនេះ មានអាជីវករពី៨០ទៅ៨៥%នឹងបើកដំណើរការ។
នៅពេលនេះការប្រកួតប្រជែងលើប្រតិបត្តិករសេវាកម្មផ្សារទំនើបក្នុងតំបន់កំពុងតែក្លាយជាការព្រួយបារម្ភមួយ។ គូឡាឡាំពួ បានសាងសង់ផ្សារទំនើបថ្មី ដោយរំពឹងថា នឹងបង្កើនចរន្តទីផ្សារ និងសម្រួលដល់កំណើននៃជីវភាពរបស់ពលរដ្ឋវណ្ណៈកណ្តាល ប៉ុន្តែមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការទំាងនៅក្នុងប្រទេស និងតំបន់ ដ្បិតអគារផ្សារទំនើប Pavilion Damansara Heights ដែលបានបើកដំណើរការនៅតំបន់លំនៅដ្ឋានលំដាប់ខ្ពស់កាលពីខែតុលា នៅតែមានលំហរទំនេរជាច្រើន៕
ដោយៈ សរ សុជាតិ