សហគ្រិន​ជោគជ័យ

ឧកញ៉ា ហៃ លីអ៊ាង៖ បើ​យើង​មិន​ធ្វើ យើង​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​អាច​នឹង​ទៅ​ដល់​ទីណា​ដែរ!


ភាព​ជោគជ័យ គឺ​ជា​អ្វី​ដែល​មនុស្ស​រាល់​គ្នា​តែង​ប្រាថ្នា​ចង់​បាន ប៉ុន្ដែ ការ​ដើរ​ទៅ​រក​គោលដៅ​ដែល​ខ្លួន​យល់​ថា​ជា​ភាព​ជោគជ័យ​នេះ គឺ​ជា​រឿង​មួយ​មិន​សូវ​ជា​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ ដូច្នេះ​ហើយ ទើប​មាន​ពាក្យ​មួយ​ឃ្លា គេ​តែង​លើក​ឡើង​ថា “នៅ​ពី​ក្រោយ​ដាន​ជើង​បុគ្គល​ជោគជ័យ តែង​មាន​ជួប​នូវ​ការ​បរាជ័យ​ជា​ច្រើន​រាប់​មិន​អស់”។
លោក​ឧកញ៉ា ហៃ លីអ៊ាង ប្រធាន​​អគ្គនាយ​ក្រុមហ៊ុន Confirel និង​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថ PPM។
ដោយ

លោក​ឧកញ៉ា​ដែល​បាន​កសាង​នូវ​​កេរ្ដិ៍​ឈ្មោះ​របស់​កម្ពុជា និង​ពាំនាំ​ផលិតផល​យីហោ​របស់​កម្ពុជា​ជាច្រើន​ទៅ​កាន់​ពិភព​លោក លោក​ឧកញ៉ា ហៃ លីអ៊ាង បាន​លើក​ឡើង​ថា មិន​ថា​ជោគ​ជ័យ​នៅ​ឆ្ងាយ​ប៉ុណ្ណា ឬ​លំបាក​យ៉ាងណា “បើ​យើង​មិន​ហ៊ាន​ចេញ​ធ្វើ នោះ​យើង​ក៏​មិន​អាច​ដឹង​ថា ខ្លួន​ឯង​អាច​នឹង​ទៅ​ដល់​ទីណា​នោះ​ដែរ”។

ពាក្យ​មួយ​ឃ្លានេះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​ឧកញ៉ា ប្រធាន​អគ្គនាយ​ក្រុមហ៊ុន Confirel និង​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថ PPM រូប​នេះ បាន​បង្កើត​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​មក​ទល់​សព្វ​ថ្ងៃ ទាំង​មិន​ធ្លាប់​ដែល​គិត​ថា នឹង​អាច​ធ្វើ​បាន​ដូច​សព្វ​ថ្ងៃ​នេះ​នោះ​ឡើយ។ 

លោក​ឧកញ៉ា​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ទាំង​ពីរ​របស់​លោក​ឧកញ៉ា គឺ​មាន​ដើមទុន​ ១០០% ជា​ការ​វិនិយោគ​ដោយ​ជនជាតិ​ខ្មែរ និង​ធនធាន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ជនជាតិ​ខ្មែរ ដែល​នេះ គឺ​ជា​មោទកភាព​មួយ​សម្រាប់​ជាតិ​យើង ទាំង​ការងារ​ដែល​លោក​និង​ក្រុម​ការងារ​ធ្វើ​កន្លង​មក ត្រូវ​បាន​គេ​ចាត់​ទុក​ថា ដូចជា​អូស​ឫស្សី​បញ្ច្រាស​ចុង​ក៏​ដោយ​ក្ដី។ 

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​អ្វី​ជា​រូបមន្ដ​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​មក​ដល់​ពេល​នេះ? ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Confirel ដែល​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​មាស​លេខ១ នៅ​អាស៊ាន ពី​ផលិតផល​ស្ករ​តោ្នត​សរីរាង្គ​របស់​ខ្លួន បាន​លើក​ឡើង​ថា សំណួរ​នេះ​ហាក់​ដូច​ជា​ពិបាក​ឆ្លើយ​បន្តិច​សម្រាប់​រូប​លោក​ផ្ទាល់ ព្រោះ​ការ​ចាប់​ផ្ដើម​ឡើង​ដំបូង​នៃ​អាជីវកម្ម​របស់​លោក គឺ​មិន​បាន​គិត​ពី​យុទ្ធសាស្ត្រ​ជ្រៅ​ជ្រះ​ ឬ​ការ​ពង្រីក​ខ្លួន​ឲ្យ​ធំ​ដូច​សព្វថ្ងៃ​នេះ​ទេ។ ប៉ុន្ដែ អ្វី​ដែល​លោក​មាន​ជា​មូលដ្ឋាន​សំខាន់​បំផុត​នោះ គឺ​ស្មារតី​ស្រឡាញ់​ជាតិ ស្រឡាញ់​ផលិត​ផល​ដែល​ជា​របស់​ជាតិ​ខ្លួន និង​ចង់​ជួយ​ដល់​ផលិតផល​ទាំង​នោះ​ឲ្យ​មាន​ទីផ្សារ និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ស្មារតី​តស៊ូ អត់ធ្មត់ មិន​បោះបង់​នូវ​គោលដៅ​របស់​ខ្លួន​ចោល។ 

លោក​ឧកញ៉ា ហៃ លីអ៊ាង ប្រធាន​​អគ្គនាយ​ក្រុមហ៊ុន Confirel និង​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថ PPM។

លោក​ឧកញ៉ា ហៃ លីអ៊ាង បាន​បន្ថែម​ទៀត​ថា តាម​បទ​ពិសោធន៍​ដែល​លោក​បាន​ហែល​ឆ្លង តាមរយៈ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​តាំង​ពី​បាត​ដៃ​​ទទេរ ឲ្យ​បាន​ធំធាត់​មក​ទល់​ពេល​នេះ គឺ​បាន​កើត​ឡើង​ដោយសារ​មាន​ការ​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ពី​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់។ 

លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ទៀត​ថា ដរាប​ណា​បុគ្គលិក​ទាំង​អស់ រួមទាំង​ថ្នាក់​ដឹកនាំ មាន​ទស្សនវិស័យ​និង​ចក្ខុវិស័យ​រួមគ្នា មាន​គោលការណ៍​សីលធម៌ល្អ មាន​វប្បធម៌​ក្នុង​ការ​ចែក​រំលែក​ទៅ​កាន់​គ្នា ជឿជាក់​លើ​សមត្ថភាព​រវាង​គ្នា​និង​​គ្នា មាន​ភាព​ស្មោះត្រង់​ជា​មូលដ្ឋាន រួមទាំង​ចិត្ត​អំណត់​អត់ធន់ នោះ​អ្វីៗ​ក៏​យើង​អាច​ឈាន​ទៅ​សម្រេច​បាន​ដែរ។ ពិសេស​ជាង​នេះ គឺ​ការ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​គិត​និង​អនុវត្ត​ការងារ។ ជាមួយគ្នានេះ​ដែរ ការ​វិនិយោគ​លើ​ធនធាន​មនុស្ស និង​បច្ចេកទេស ក៏​ជា​តម្រូវការ​ចាំបាច់​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​ការ​បោះ​ជំហាន​ឆ្ពោះទៅ​រក​ជោគជ័យ​របស់​អាជីវកម្ម កាន់​តែ​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ទោះបី​ជា​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង ក្រោយ​ពី​ប្រទេស​ទើប​តែ​ងើប​ចេញ​ពី​សង្គ្រាម អ្វីៗ​ក៏​ត្រូវ​ចាប់​ផ្ដើម​ឡើង​ពី​សូន្យ​ក៏​ដោយ ប៉ុន្ដែ លោក​ឧកញ៉ា ហៃ លីអ៊ាង តែងតែ​មាន​សុទិដ្ឋិយម​ខ្ពស់​ចំពោះ​ទីផ្សារ និង​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ជានិច្ច ព្រោះ​លោក​យល់​ថា រាល់​អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​នេះ ច្បាស់​ណាស់​វា​នឹង​ហុច​ផ្លែផ្កា​នៅ​ថ្ងៃ​ណា​មួយ ទោះបី​ជា​តិច ឬ​ច្រើន​ក្ដី។ ប៉ុន្ដែ បើ​យើង​មិន​ធ្វើ អង្គុយ​ចាំ​តែ​មើល​គេ​ធ្វើ ឬ​មាន​ភាព​ទុទិ្ទដ្ឋិនិយម​ជ្រុល នោះ​យើង​នឹង​មិន​មាន​អ្វី​ចម្រើន​ទេ​នៅ​ថ្ងៃ​ខាង​មុខ។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​យល់​ថា កំណប់​មាន​ច្រើន​ណាស់​នៅ​កម្ពុជា ពិសេស នៅ​តាម​ទី​ជនបទ​តែ​ម្ដង។ គ្រាន់​តែ​យើង​មិន​បាន​នាំគ្នា​ចាប់​អារម្មណ៍​មើល និង​ខិតខំ​កែច្នៃ​វា​ឲ្យ​ក្លាយ​ជា​របស់​មាន​តម្លៃ​តែ​ប៉ុណ្ណោះ”។ 

កំណប់​ដែល​លោក​ឧកញ៉ា ហៃ លីអ៊ាង បាន​លើក​ឡើង​នេះ គឺ​សម្ដៅ​លើ​ផលិតផល​ធម្មជាតិ​ដែល​មាន​ជា​របស់​ខ្មែរ ដូចជា ស្ករ​ត្នោត​ដែល​ក្រុមហ៊ុន​លោក​កំពុង​​ធ្វើ និង​ម្រេច​កំពត ដែល​ពិភព​លោក​មាន​ការ​ទទួល​ស្គាល់​ជា​ដើម និង​មាន​ផលិតផល​ជាច្រើន​ផ្សេង​ទៀត ដែល​មិន​ទាន់​មាន​អ្នក​កែច្នៃ​ឲ្យ​ក្លាយ​ជា​កំណប់​មាន​តម្លៃ​នៅ​ឡើយ។ តួយ៉ាង លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ថា​ស្ករ​ត្នោត ដែល​ក្រុមហ៊ុន​លោក​ឧកញ៉ា​បាន​កែច្នៃ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ ១៥០​តោន​ក្នុង​មួយ​ឆ្នាំៗ ទៅ​កាន់​ទីផ្សារ​ចិន វៀតណាម ជប៉ុន តៃវ៉ាន កូរ៉េ បារាំង និង​អាឡឺម៉ង់ ជាដើម។ ហើយ​ទោះ​បី​ជា​វា ជា​ចំនួន​មួយ​តិច​តួច​ក្ដី បើ​ធៀប​នឹង​ផលិតផល​នាំចេញ​ផ្សេង​ទៀត​របស់​កម្ពុជា ប៉ុន្ដែ វា​ជា​មោទកភាព​របស់​យើង​ដែល​ជា​ជន​ជាតិ​ខ្មែរ។ 

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ ក្រៅពី​សហគ្រាស​ផលិត​ឱសថ PPM ក្រុមហ៊ុន Confirel របស់​លោក​ឧកញ៉ា ហៃ លីអ៊ាង ក៏​មាន​ផលិត​ផលិតផល​ជា​ច្រើន​ទៀត ដូចជា ស្ករ​ត្នោត​សរីរាង្គ តែ​ម្រេច​កំពត ជា​ច្រើន​ប្រភេទ និង​ស្រា​ដែល​ផលិត​ពី​គ្រឿង​ផ្សំ​បែប​ធម្មជាតិ​ជាដើម៕

None



អត្ថបទបន្ទាប់


សង្គ្រាម​នៃ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​នៅ​កម្ពុជា​កំពុង​ចាប់​ផ្ដើម​ហើយ!

ការវិវត្ត​មក​ដល់​សម័យ​កាល​ព័ត៌មានវិទ្យា បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​បរិយាកាស​អាជីវកម្ម​កាន់តែ​មាន​កម្ដៅ​កើន​ឡើង​ពី​មួយ​ថ្ង…

DJ NaNa និង Catherine ជា​ស្រ្តី​​លេច​ធ្លោ​និង​មាន​ឥទ្ធិពល​នៅ​លើ​​ហ្វេសប៊ុក

កញ្ញា នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Dj NaNa កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយសារ​ទេពកោសល្យ​ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ