ការស្ទង់មតិប្រចាំឆ្នាំ ដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាម៉េរិក (AmCham) ប្រចាំនៅប្រទេសចិន បានបង្ហាញថា ៥១% នៃតំណាងក្រុមហ៊ុនអាម៉េរិក ដែលឆ្លើយនៅក្នុងការស្ទង់មតិនេះបានបង្ហាញការព្រួយបារម្ភចំពោះការប្រេះឆាកាន់តែខ្លាំងឡើង ដែលអាចកើតមានឡើងពេលអនាគតដ៏ខ្លីខាងមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាម៉េរិក ដែលបងធំទី១ និងមហាយក្សចិន ដែលជាបងធំទី២របស់ពិភពលោក។
លទ្ធផលនៃការស្ទង់មតិនេះត្រូវបានចេញផ្សាយត្រឹមតែពីរបីថ្ងៃបន្ទាប់ពីប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក គឺលោក ដូណាល់ ត្រាំ ចូលកាន់តំណែងផ្លូវការជាលើកទី២ កាលពីថ្ងៃចន្ទ ទី២០ ខែមករា ជាមួយនឹងការគំរាមដំឡើងពន្ធគយ១០% លើទំនិញនាំចូលរបស់ចិន ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ក្រោមហេតុផលថា ថ្នាំហ្វេនតានីល ដែលជាថ្នាំអាភៀនសំយោគ ដែលមានឥទ្ធិពលខ្លាំងជាងគ្រឿងញៀនហេរ៉ូអ៊ីន ដល់ទៅ៥០ដង ដែលត្រូវបានប្រើជាពិសេសសម្រាប់ការវះកាត់ដើម្បីកាត់បន្ថយការឈឺចាប់ខ្លាំង ត្រូវបានបញ្ជូនចេញពីប្រទេសចិន ទៅកាន់ប្រទេសម៉ិកស៊ិក និងកាណាដា។
ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅប្រទេសចិន លោក អែលវីន លីវ (Alvin Liu) បានលើកឡើងថា ទំនាក់ទំនងមានស្ថិរភាព និងប្រកបដោយផ្លែផ្កា ជាពិសេសក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺពិតជាមានសារសំខាន់ណាស់ ដែលមិនត្រឹមតែសម្រាប់ភាពរុងរឿងនៃប្រទេសទាំងពីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ។
សភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅប្រទេសចិន បានអះអាងថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយ និងជម្លោះពាណិជ្ជកម្ម គឺជាក្តីកង្វល់ដ៏ធំរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក ដែលបើកដំណើរការរកស៊ីនៅក្នុងប្រទេសចិន។
ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅប្រទេសចិន បានធ្វើជាមួយក្រុមហ៊ុនអាម៉េរិក ចំនួន៣៦៨ក្រុមហ៊ុន ចន្លោះពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមួយផ្នែកធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំដដែល៕
ដោយ: តែម សុខុម