ការសែតអង់គ្លេសឈ្មោះ The Sun កាលពីថ្ងៃទី២៥មិថុនា បានបញ្ចេញរូបភាពដែលគេថតបាន បង្ហាញពីលោករដ្ឋមន្ត្រីសុខាភិបាលលោក ម៉ាត ហានខក កំពុងឱបថើបនឹងកញ្ញា ជីណា ខូឡាដេនជីឡូ (Gina Coladangelo) ដែលជាលេខាផ្ទាល់ខ្លួនរបស់លោក នៅក្នុងការិយាល័យរបស់លោកធ្វើការ។
បន្ទាប់ពីបែកធ្លាយរូបភាព រូបលោក ហានខក ត្រូវបង្ខំចិត្តលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រោះគេបារម្ភខ្លាចប្រជាជនអង់គ្លេសលែងធ្វើតាមការណែនាំអំពីវិធានការណ៍សុខាភិបាល នៅពេលដែលលោកជាអ្នកបង្កើតច្បាប់ហើយ មិនគោរពច្បាប់ខ្លួនឯងបែបនេះ។
តាមរយៈសារដែលលោកបង្ហោះនៅក្នុងគណនី Twitter របស់លោក ដោយបានបង្ហាញពីពាក្យលាឈប់មួយសន្លឹកផ្ញើទៅកាន់ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ភ្ជាប់មកជាមួយនឹងពាក្យមួយឃ្លាយ៉ាងខ្លីជាភាសាអង់គ្លេសក្នុងអត្ថន័យថា «ខ្ញុំបានលាលែងពីតំណែងរដ្ឋមន្ត្រីហើយ»។ ក្នុងសារដដែលលោកបានបន្តថា៖«អ្នកដែលបង្កើតច្បាប់ ត្រូវតែគោរពច្បាប់ ដូច្នេះហើយខ្ញុំចាំបាច់ត្រូវតែលាលែង»។
គួរជម្រាបថាកន្លងមក លោក ហានខក ក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាល បានដាក់ចេញនូវវិធានការណ៍សុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នៅក្នុងប្រទេសអង់គ្លេស ដោយមិនខុសពីប្រទេសដទៃទៀតនោះទេ គឺលោកបានប្រកាសឲ្យពលរដ្ឋរក្សាគម្លាត២ម៉ែត្រ និងមិនឲ្យមានការជួបប្រជុំគ្នាស្និទ្ធស្នាល ជាពិសេសអំឡុងពេលដែលអង់គ្លេសស្ថិតក្នុងការបិទខ្ទប់។
សូមជម្រាបថា អង់គ្លេសក៏ជាប្រទេសមួយរងគ្រោះខ្លាំងណាស់ដែរពីកូវីដ១៩ ដោយគិតមកទល់ពេលនេះ មានអ្នកឆ្លងសរុបជាង ៤លាន៧សែនករណី និងស្លាប់សរុបជាង ១២ម៉ឺន៨ពាន់នាក់ ខណៈ ដែលអ្នកឆ្លងប្រចាំថ្ងៃមានជាមធ្យម ១ម៉ឺន២នាក់ក្នុងមួយថ្ងៃ ស្របពេលដែលប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ កំពុងរងការគម្រាមកំហែងពីមេរោគកូវីដ១៩បំប្លែងខ្លួន«ឌែលតា»កាន់តែខ្លាំងឡើង។
យ៉ាងណាមិញ អង់គ្លេសជាប្រទេសដែលសម្រេចបានការចាក់វ៉ាក់សាំងក្នុងចំនួនច្រើនដ៏ច្រើន ពោលគឺមកដល់បច្ចុប្បន្ន ពលរដ្ឋពេញវ័យបានជាង ៨០% ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ ហើយដោយក្នុងនោះជាង៦០%ចាក់បានចំនួន២ដូស។ វិធានការរឹតបណ្តឹងសុវត្ថិភាពសារធារណៈនានានៅអង់គ្លេសក៏ត្រូវបានគេរំពឹងថា នឹងត្រូវដកចេញចាប់ពីចុងខែកក្កដាតទៅផងដែរ ក្រោយពេលដែលប្រទេសនេះមានការចាក់វ៉ាក់ជូនពលរដ្ឋបានកាន់តែច្រើន៕