អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង ប្រកាសដាក់ដំណើរការកម្មវិធីហិរញ្ញប្បទាន និងកម្មវិធីកសាងសមត្ថភាព ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុក ក្នុងការប្រកួតលើឆាកអន្តរជាតិ


ធនាគារ មេយប៊ែង កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការជាមួយ គម្រោង Feed the Future Cambodia Harvest III (គម្រោងហាវែស III) ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របសម្រាប់ការនាំចេញ ក្នុងគោលបំណងលើកស្ទួយសហគ្រាសធុនតូន និងមធ្យមក្នុងស្រុក ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។
ធនាគារ មេយប៊ែង ប្រកាសដាក់ដំណើរការកម្មវិធីហិរញ្ញប្បទាន និងកម្មវិធីកសាងសមត្ថភាព ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុក ក្នុងការប្រកួតលើឆាកអន្តរជាតិ
ដោយ
អំពី Maybank

កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ក៏ត្រូវបានដាក់បញ្ចូល គម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាព និងជំនាញ សម្រាប់សហគ្រាសធុនតូន និងមធ្យម ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារ មេយប៊ែង ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក លើឆាកអន្តរជាតិ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងវត្តមានរបស់ប្រទេសកម្ពុជា លើទីផ្សារអន្តរជាតិ។ ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានដូចជា កម្ចីសម្រាប់ជាទុន ហិរញ្ញប្បទានសម្រាប់ការនាំចេញ ទីផ្សាររូបិយប័ណ្ណបរទេសចំនួន២១ប្រភេទដែលមានអត្រាប្រកួតប្រជែង ដំណោះស្រាយផ្ទេរ និងទទួលប្រាក់ និងសេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ដែលសុទ្ធសឹងតែជាដំណោះស្រាយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំនះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងបន្តកំណើន លើទីផ្សារអន្តរជាតិ។ ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏សមស្របសម្រាប់ឱ្យពួកគេពង្រីកប្រតិបត្តិការ បង្កើនប្រាក់ចំណូល និងធានាការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។​

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ «កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ គឺជាដំណោះស្រាយយ៉ាងសំខាន់សម្រាប់សហគ្រាសក្នុងស្រុក ដែលមានគោលបំណងពង្រីកការនាំចេញរបស់ខ្លួន ទាំងទៅកាន់ទីផ្សារអន្តរជាតិដែលខ្លួនកំពុងមានវត្តមានស្រាប់ ឬទៅកាន់ទីផ្សារអន្តរជាតិថ្មី។ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជម្នះឧបសគ្គលើផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូចម្រុះភាគីនេះនឹងចូលរួមជំរុញកំណើនអាជីវកម្មបុគ្គល ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយ»។

«សហគ្រាសធុនតូច និងមធ្យម ប្រៀបបានដូចជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ហើយតាមរយៈការជួយគាំទ្រពួកគេ ដើម្បីឱ្យទទួលបានជោគជ័យក្នុងទីផ្សារនាំចេញ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកក្នុងការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងជំហររបស់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន និងទីផ្សារសាកល។ គំនិតផ្តួចផ្តើមនេះក៏បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងនាមជាធនាគារអាស៊ានឆ្នើមជាងគេនៅប្រទេសកម្ពុជា និងឈានមុខគេក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់»។

ស្របតាមបេសកកម្មរបស់ គម្រោងហាវែស III ដែលជាគម្រោងរយៈពេលប្រាំឆ្នាំ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តោតលើការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្នក្នុងវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះនឹងគាំទ្រដល់ការធ្វើពិពិធកម្ម ការអភិវឌ្ឍភាពធន់ និងការប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ តាមរយៈការចូលរួមសហការពីដៃគូក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោក នីមីស ហ្សាវឺរី ប្រធានគម្រោងហាវែស III មានប្រសាសន៍ថា «ជាមួយនឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មថ្មីនេះ យើងអាចផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យមនូវដើមទុនចាំបាច់ដើម្បីគ្រប់គ្រងចំណាយផលិតកម្ម វិនិយោគលើការបង្កើនគុណភាព និងបំពេញតម្រូវការបញ្ជាទិញពីអន្តរជាតិ។ ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់សម្រាប់សហគ្រាសក្នុងស្រុកទាំងនេះ ព្រោះវាមិនត្រឹមតែជួយផ្សាភ្ជាប់គម្លាតលំហូរសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព ដោយជួយសម្រួលដល់ការឆ្លើយតបទៅនឹងតម្រូវការទាន់ពេលវេលា ក៏ដូចជាពង្រីកទីផ្សារនាំចេញរបស់ពួកគេ។ ទាំងអស់គ្នា យើងអាចធានាថាសហគ្រាសទាំងនេះមិនត្រឹមតែមានធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារជាសាកល។ ភាពជាដៃគូនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា»។

រួមជាមួយនឹងហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ធនាគារ មេយប៊ែង CGCC និង គម្រោងហាវែស III ក៏បានប្រកាស ”កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៤ និងឆ្នាំ២០២៥” ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដល់សហគ្រាសធុនតូច និងមធ្យម។ ចាប់តាំងពីការបង្កើតកម្មវិធីនេះឡើងក្នុងឆ្នាំ ២០២១ កម្មវិធី BCC បានផ្តល់ការបណ្តុះបណ្តាលដល់សហគ្រាសធុនតូច និងមធ្យមរាប់រយនាក់ លើមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម បច្ចេកទេស និងបច្ចេកវិទ្យាទំនើបផ្សេងៗក្នុងការគ្រប់គ្រងអាជីវកម្ម។ ដោយផ្អែកលើភាពជោគជ័យរបស់កម្មវិធីនេះ កម្មវិធី BCC ថ្មីនេះនឹងផ្តល់វគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ដែលទាក់ទងនឹង ដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្ត ដែលផ្តល់ដោយអ្នកជំនាញដែលមានបទពិសោធជាច្រើនឆ្នាំក្នុងផ្នែកគណនេយ្យ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាដើម។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសហគ្រិន នូវការយល់ដឹង បទពិសោធជាក់ស្តែង និងជំនាញដែលចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាបង្កើនសក្តានុពលនៃកំណើនអាជីវកម្មរបស់ពួកគេ។

លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ថា៖ «កម្មវិធី BCC ផ្តល់ជូនសហគ្រិន និងម្ចាស់អាជីវកម្មនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលគាំទ្រពួកគាត់ឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម។ តាមរយៈកម្មវិធីនេះ យើងអាចគាំទ្រពួកគាត់ ក្នុងការបង្កើនចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។ កម្មវិធីនេះ គឺជាជំហានដ៏សំខាន់ ស្របតាមចក្ខុវិស័យរួមគ្នារបស់យើងក្នុងការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ប្រកបដោយភាពធន់ និងថាមវន្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះ គំនិតផ្តួចផ្តើមនេះ ត្រូវបានគាំទ្រដោយ គម្រោងធានាឥណទាន របស់ CGCC ដែលផ្តល់នូវដំណោះស្រាយ ចំពោះបញ្ហាខ្វះទ្រព្យធានា ដែលជាបញ្ហាប្រឈមចម្បងមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តាមរយៈការបន្ធូរបន្ថយតម្រូវការទ្រព្យធានា យើងអាចចូលរួមបង្កើនលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ដែលអនុញ្ញាតឱ្យពួកគាត់ ទទួលបានទុនចាំបាច់ សម្រាប់កំណើនអាជីវកម្មប្រកបដោយចីរភាព»។

កិច្ចសហប្រតិបត្តិការរវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC បាននិងកំពុងកសាងប្រព័ន្ធអេកូដ៏រឹងមាំសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា ដើម្បីឱ្យពួកគេរីកចម្រើនទាំងនៅក្នុងទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ តាមរយៈគំនិតផ្តួចផ្តើមដ៏ចាំបាច់ទាំងនេះ ដែលរួមមាន៖ ដំណោះស្រាយហិរញ្ញវត្ថុ កម្មវិធីពង្រឹងសមត្ថភាព និងការកាត់បន្ថយតម្រូវការទ្រព្យធានាតាមរយៈយន្តការធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបាននូវធនធានគ្រប់គ្រាន់ ក៏ដូចជាចំណេះដឹង និងទំនុកចិត្ត ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងឈានទៅរកការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ភាពជាដៃគូជាយុទ្ធសាស្រ្តដ៏រឹងមាំនេះ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការគាំទ្រ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងការតភ្ជាប់ជាសកល។ គំនិតផ្តួចផ្តើមរួមគ្នារវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC នឹងរួមចំណែកជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍរិស័យធុរកិច្ចកម្ពុជា ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកកម្ពស់វត្តមានរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបង្ហាញ​នវានុវត្តន៍​ និងការរីកចម្រើនរបស់សហគ្រិនកម្ពុជា

សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភា…

សហគ្រិនខ្មែរ រៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ

សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ ក្នុងគោលដៅពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា។ វេទិកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ